រដ្ឋបាលខេត្តបាត់ដំបងដឹកនាំដាំដើមឈើឡើងវិញនៅតាមព្រំតំបន់ព្រៃលិចទឹកដែលរងការបំផ្លាញ
ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បាត់ដំបងចាប់ផ្តើមយុទ្ធនាការដាំកូនឈើដែលធន់នឹងទឹក ឡើងវិញ នៅតាមព្រំប្រទល់តំបន់៣ ដែលមានបង្គោលជាង១០០បង្គោល នៅបួនស្រុកជាប់តំបន់ព្រៃលិចទឹកក្នុងខេត្តបាត់ដំបង ក្រោយពីមានការរុករានទន្រ្ទានជាងមួយម៉ឺនហិចតា។
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ ដំបងឱ្យដឹងថា យុទ្ធនាការដំបូង នាថ្ងៃទី២១ខែធ្នូ នេះ គឺអាជ្ញាធរពាក់ព័ន្ធដាំដើមឈើនៅចន្លោះពីរបង្គោលព្រំប្រទល់សិន គឺបង្គោលលេខ ២៨៦ដល់២៨៧ ដែលដាំលាយគ្នា ដោយនៅផ្នែកលិចទឹកដាំកូនរាំងដើមម្តេញ និង ខ្ទោល ជាង ១០០០ដើម និង ផ្នែកគោកដាំដើមត្នោតជាង១០០០ដើមដោយមានមន្រ្តីចូលរួម ៤០ អង្គភាពស្ថាប័ន ។
លោក ជួង សុភា ឱ្យដឹងទៀតថា នៅថ្ងៃបន្តបន្ទាប់អាជ្ញាធរស្រុកទាំងបួនមានស្រុកសង្កែ ស្រុកមោងឫស្សី ស្រុកឯកភ្នំនិងស្រុកថ្មគោល បន្តដាំដើម ឈើទាំងនេះរាប់ម៉ឺនដើម នៅតាមព្រំប្រទល់ ខ្សែបន្ទាត់តំបន់បី ទាំង ១១២បង្គោល ដើម្បីកុំឱ្យប្រជាពលរដ្ឋចូលទៅរុករានទន្រ្ទានព្រៃលិចទឹកបន្តទៀត។
មន្រ្តីជំនាញឱ្យដឹងថា ក្នុងយុទ្ធនាការបង្រ្កាបនិងដក ហូត ការទន្រ្ទានដីព្រៃលិចទឹក នៅភូមិសាស្ត្រខេត្តបាត់ដំបង ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២១ មក សមត្ថកិច្ចជំនាញឃាត់ ខ្លួនប្រជាពលរដ្ឋសរុប១៤ នាក់ហើយ ដែលកាប់ទន្រ្ទានលើដីព្រៃលិចទឹកធ្វើស្រែ នៅតំបន់បី ក្នុងភូមិសាស្ត្រខេត្ត បាត់ដំបង ប្រមាណជិតមួយពាន់ហិចតា រួមទាំងវត្ថុតាងមួយចំនួន។
បើតាមរបាយការណ៍របស់គណ:កម្មាធិការទប់ស្កាត់និងបង្រ្កាបបទល្មើសឬទន្រ្ទានដីព្រៃលិចទឹកនៅតំបន់បី នៅខេត្តបាត់ដំបង មានការរុករានដីព្រៃលិចទឹក ៤ស្រុក សរុបចំនួន១២២២៥.៨ហិកតា ចំនួន២៩ទីតាំង នៅស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និង ស្រុកថ្មគោល ៕