បទចម្រៀង «អ្នកចម្បាំង» ដែលសម្តែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្ពោះទៅស៊ីហ្គេម ២០២៣នឹងផ្តល់ជូន CAMSOC
បទចម្រៀង និងសម្តែង «អ្នកចម្បាំង» ដែលបានកើតចេញពីកិច្ចសហការរវាងផលិតកម្មរាម និងសហព័ន្ធគុនល្បុក្កតោកម្ពុជា ដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការរាប់ថយក្រោយ ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយឆ្ពោះស៊ី ហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បទចម្រៀងនេះនឹងផ្តល់ជូនដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ CAMSOC។
លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជាក់ថា គោលបំណងនៃការផលិតនេះ គឺស្របទៅគោលបំណងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការជំរុញការផ្សព្វផ្សាយវិស័យកីឡាគ្រប់មធ្យោបាយ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ SEA Games 2023។
បទ «អ្នកចម្បាំង» បានបញ្ចូលគ្នារវាងសិល្បៈសម័យ និងបុរាណ ហើយបានរំលេចចេញនូវទស្សនីយភាពថ្មីមួយដែលមិនធ្លាប់មានពីមុនមក ដោយមានជាទម្រង់ស្នៀតគុនល្បុក្កតោ និងទម្រង់យុទ្ធវិធីទ័ពសម័យអង្គរ និងខ្លឹមសារចម្រៀង ឧទ្ទិសស្នាដៃដល់បុព្វបុរស ទំនៀមទម្លាប់ ប្រពៃណីអ្នកហាត់គុន ជំនឿសាសនា និងការជំរុញស្មារតីដល់យុវជន ដោយមានស្មារតីជាអ្នកប្រយុទ្ធ ក្នុងការថែរក្សាមរតកដ៏វិសេសវិសាលមួយនេះ។
លោក អ៊ូ តារា បន្ថែមទៀតថា តាមរយៈបទ អ្នកចម្បាំង នេះ យើងរំពឹងថានឹងអាចជំរុញទឹកចិត្ត ឬកៀរគរមហាជន និងយុវជនឱ្យចូលរួមក្នុងចលនាគាំទ្រគុនល្បុក្កតោ ដើម្បីឱ្យមរតកដូនតាមួយនេះពេញនិយមនៅក្នុងស្រុក និងសាយភាយទៅក្រៅប្រទេស ឱ្យស័ក្តិសមជាមរតករបស់មហានគរ ជាពិសេសគឺដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ី ហ្គេម ឆ្នាំ២០២៣ តែម្តង។
សូមបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយ របស់វិស័យកីឡាគុនល្បុក្កតោកម្ពុជា ដែលបានបង្ហាញពីការសម្តែងដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍សម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមកិច្ចសហការផលិតដោយសហព័ន្ធល្បុក្កតោ និងផលិតកម្មរាម។ ក្រោយពីសម្រិតសម្រាំងនូវស្នាដៃវីដេអូនេះរួចរាល់ គ្រោងនឹងធ្វើពិធីដ៏ធំមួយដើម្បីប្រគល់ជូនបទចម្រៀងនេះជូនទៅ CAMSOC ៕ដោយហេង ណាលីន សម្រួលផ្សាយដោយ៖ ធូ កុសល