ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសជាប្រក្រតីឡើងវិញ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងប៉ូលីស ក៏ដូចជា កងកម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ។ ពិសេសកងកម្លាំង និងអាជ្ញាធរត្រូវរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យ Christmas និងបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ការជំរុញរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញខាងលើនេះបានធ្វើឡើង

នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង ១៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ ។ ដូច្នេះរាល់សកម្មភាពនានាវានឹងកើតឡើងវិញ ទាំងបទល្មើសផ្សេងៗ ទាំងល្បែងស៊ីសងគ្រប់ប្រភេទទាំ ងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ។ ដូច្នេះសូមឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឱ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងជាដើមដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើង។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តថា ពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះនៅក្នុងមូលដ្ឋានរបស់ខ្លួន បើយើងដោះស្រាយមិនចេញ ត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។ ពិធីបុណ្យចូលឆ្នាំសកលនេះ បងប្អូនប្រជាពលរដ្ឋនឹងសម្រុកចាកចេញពីលំនៅឋានដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឱ្យតំបន់ប្រឈមមួយចំនួន មានការកកស្ទះចរាចរ ។ ដូច្នេះក្នុងនាមយើងជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានសប្បាយរីករាយ នៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ចរបស់លោកនឹងប្រើប្រាស់កម្លាំងចំនួន ១ ១៦៥នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ឱ្យបានសប្បាយក្អាកក្អាយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ ក៏បានសម្តែងនូវការកោត សរសើរយ៉ាងខ្លាំងផងដែរ ចំពោះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយលោកតែងបានចុះផ្ទាល់ លើការត្រួតពិនិត្យកងកម្លាំង ដែលត្រូវប្រចាំនៅតាមគោលដៅនានានៅក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញឱ្យឃើញពីភាពខ្លាំង នៃការដឹកនាំរបស់ប្រធាន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង