ភ្លើងឆេះរាលដាលព្រៃសហគមន៍តំបន់ឈើក្រញូងពុំមានអ្នកទប់ស្កាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

TNM(ខេត្តស្ទឹងត្រែង)៖ ភ្លើងឆេះព្រៃសហគមន៍តំបន់ឈើក្រញូងស្ថិតនៅក្នុងឃុំចំការលើស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពុំមានប្រធានសហគមន៍ឬមន្ត្រីជំនាញណាមកចុះជួយអន្តរាគមន៍ធ្វើការទប់ស្កាត់ពន្លត់ភ្លើងដែលកំពុងឆាប់ឆេះនោះឡើយជាក់ស្ដែងនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

តាមសេចក្តីរាយការណ៍ពីអតីតមន្ត្រីសហគមន៍តំបន់ព្រៃក្រញូង បានប្រាប់ឲ្យដឹងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រៃសហគមន៍តំបន់ព្រៃឈើក្រញូងត្រូវបាន ក្រុមឈ្មួញលួច ចូលកាប់ព្រៃឈើនិងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជនមិនតែប៉ុណ្ណោះដើមឈើក្រញូងរាប់រយដើមនៅក្នុងតំបន់ព្រៃសហគមន៍គ្រញូងនេះក៏ត្រូវគេកាប់យកទៅលក់និងមួយចំនួនទៀតកាប់ទន្ទ្រានឈូសឆាយយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពិសេសនោះគឺបងប្អូនជនជាតិខ្មែរអ៊ីស្លាម។ ក្រៅពីនេះ ក៏មានករណីភ្លើងឆេះព្រៃ ដែលកំពុងបំភ្លេចបំផ្លាញ ដោយមិនមានការចុះទប់ស្កាត់ពីអ្នកការពារព្រៃសហគមន៍និងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធឡើយ។
បើសិនជាគ្មានការជួយអន្តរាគមន៍ក្នុងការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធការពារឲ្យបានតឹងរឹងទេនោះ ច្បាស់ជាព្រៃសហគមន៍តំបន់ព្រៃឈើក្រញូងមួយនេះនឹងរលាយបាត់ឈ្មោះនៅក្នុងឃុំចំការលើស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាពុំខានឡើយ។

សូមបញ្ជាក់ផងដែរថា ព្រៃសហគមន៍តំបន់ព្រៃឈើក្រញូង មានផ្ទៃដីសរុបចំនួន ៩៨៥ ហិកតា ស្ថិតនៅភូមិសាស្រ្តឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ជាដំបូងព្រៃសហគមន៍តំបន់ព្រៃឈើក្រញូងមួយនេះ បានរៀបចំពីគម្រោងការពារដោយមាន ការសម្របសម្រួលពីរដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ និងអង្គការ រី ឃូស, សហគមន៍ព្រៃឈើក្រញូងទទួលបានប្រកាសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមប្រកាសលេខ ០៦៩ ប្រក.កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ និងមានកិច្ចព្រមព្រៀង ជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ។ ខណ្ឌរដ្ឋបាលព្រៃឈើក៏បានចុះហត្ថលេខាលើផែនការគ្រប់គ្រងព្រៃសហគមន៍មួយនេះ។

ចំណែកលោក ស្រែ ទ្រី ប្រធានសហគមន៍តំបន់ព្រៃឈើក្រញូង អ្នកសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទរបស់លោកបានឡើយកាលពីរសៀលថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២១នេះ ៕

(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង