ឯកឧត្តមប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅកម្ពុជា

តាមការគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម ប្រធានរដ្ឋវៀតណាម និងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ចូលជួបសម្ដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម និងចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ផងដែរ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានេះដែរ ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មី នៅវិមានរដ្ឋសភា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមផងដែរ។

ក្រៅពីនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏នឹងអញ្ជើញទៅ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង