អាជ្ញាធរខេត្តក្រចេះគ្រោងកែលម្អតំបន់ទេសចរណ៍ដែលមានសក្តានុពលមួយចំនួនក្នុងខេត្ត

MC : អាជ្ញាធរខេត្តក្រចេះគ្រោងកែលម្អតំបន់ទេសចរណ៍ដែលមានសក្តានុពលមួយចំនួនក្នុងខេត្ត ដើម្បីបម្រើសេចក្តីត្រូវការ ភ្ញៀវទេសចរ ឱ្យកាន់តែសម្បូរបែប មកលេងកម្សាន្តដោយទំនុកចិត្តនិងមិនចេះជិនណាយ មកម្តងហើយចង់មកម្តងទៀត។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានមានប្រសាសន៍ថា ខេត្តក្រចេះជាខេត្តមួយដែលមានសក្ដានុពលលើវិស័យទេសចរណ៍ជាច្រើនដូចជា កោះ វាលខ្សាច់ សត្វបក្សាបក្សី សត្វផ្សោតទន្លេមេគង្គ មានសំណង់អគារវ័យចំណាស់សល់ពីសម័យអាណានិគមនិយមបារាំង និងជាដែនដី ដែលពោរពេញដោយប្រវត្តិសាស្ត្រយូរលង់។

ឯកឧត្តមបន្តថា ក្រៅពីមានធម្មជាតិល្អឯកហើយនោះ ហេដ្ឋារចនាសម្ព័ន្ធស្អាត ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមួយផ្នែកដែរ ដូច្នេះរដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍ដែលមានស្រាប់ទាំងអស់នោះ ដោយគ្រោង រៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសហគមន៍ ដូចជា ផ្លូវចូលព្រៃ ផ្លូវជិះកង់ ជួយផ្គត់ផ្គង់សម្ភារៈបរិក្ខារផ្សេងៗសម្រាប់សហគមន៍ ពិសេសបង្កើត កន្លែងកម្សាន្តទាំងកែច្នៃ និងធម្មជាតិឱ្យបានច្រើនបន្ថែមទៀតសម្រាប់បម្រើដល់ភ្ញៀវទេសចរ រួមចំណែកបង្កើនការងារជូនប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។

«រាល់ថ្ងៃនេះយើងមានតំបន់ទេសចរណ៍របស់ខេត្តដែលមានស្រាប់មានអន្លង់ផ្សោតកាំពី ព្រះវិហារសសរ ១០០ក្តី និង ភ្នំសុពណ៌កាឡីក្តីគឺវាមានស្រាប់ហើយៗក៏មានសហគមន៍ដែលយើងបង្កើតដើម្បីទាញភ្ញៀវទេសចរឱ្យមកកម្សាន្តលេងឱ្យបានប្លែកភ្នែក។ហើយយើងក៏មានផែនការកែលម្អតំបន់ទេសចរណ៍ទាំងអស់នោះឱ្យកាន់តែស្រស់ស្អាត កាន់តែមានភាពទាក់ទាញ ហើយអ្នកដែលមកលេង ឃើញស្អាតរីករាយស្រស់ស្រាយក្នុងអារម្មណ៍»។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នខេត្តក្រចេះបានបង្កើតជាសហគមន៍ទេសចរណ៍បានចំនួន៦សហគមន៍ គឺ ១.សហគមន៍អេកូទេសចរណ៍កោះទ្រង់ ២.សហគមន៍អេកូទេសចរណ៍ព្រែកជ្រៃមាំង ៣.សហគមន៍អេកូទេសចរណ៍កោះសាមសិប ៤.សហគមន៍អេកូទេសចរណ៍កោះផ្ដៅ ៥.សហគមន៍អេកូទេសចរណ៍កោះដំបង ៦. សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី ដោយឡែកចំពោះការវិនិយោគលើវិស័យទេសចរណ៍ពុំទាន់មាន នៅឡើយទេ ដោយសារខេត្តក្រចេះ មានទឹកដីធំទូលាយ ប៉ុន្តែប្រជាពលរដ្ឋរស់នៅតិចតួចនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង