សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាចៅក្រមកាត់សេចក្ដីលើដែនអធិបតេយ្យក្នុងបញ្ហាសមុទ្រចិនខាងត្បូងទេ តែនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវ COC

ដោយនៅសល់ពេលត្រឹមតែ១៥ថ្ងៃទៀត កម្ពុជានឹងត្រូវធ្វើជាប្រធានអាស៊ានពេញលេញនៅឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន ភាគីពាក់ព័ន្ធ និងពិភពលោកដោយបញ្ជាក់ឡើងវិញថា កម្ពុជាមិនមែនជាចៅក្រមកាត់សេចក្ដីលើដែនអធិបតេយ្យក្នុងបញ្ហាសមុទ្រចិនខាងត្បូងទេ តែកម្ពុជានឹងខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(COC) ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។ ប៉ុន្តែបើករណីសម្រេចមិនបានវិញសុំកុំបន្ទោសកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកអំពីព្រឹត្តិការណ៍ឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដែលក្នុងពេលនោះ មិនអាចចេញសេចក្ដីថ្លែងការណ៍ (COC)បាន។

សម្តេចតេជោបានលើកឡើងថា តើអ្នកទាំងអស់គ្នាមិនដឹងទេថាតើអ្វីនៅពីក្រោយការចេញមិនរួចនេះ នៅត្រង់ថាគេឱ្យទទួលស្គាល់ថាតំបន់នេះជារបស់អ្នកនេះ តំបន់នោះជាប្រទេសរបស់អ្នកនោះ។

សម្ដេចតេជោគូសបញ្ជាក់ថា ប្រធានអាស៊ានមិនមែនជាចៅក្រមកាត់ក្តីទេ ហេតុនេះហើយទើបយើងចេញមិនរួច។

សម្ដេចតេជោបានបន្ដថា មុនធ្វើប្រធានអាស៊ាន សូមផ្ញើសារទៅកាន់ពិភព លោកសូមឱ្យស្គាល់ធាតុពិតនៃបញ្ហាឆ្នាំ ២០១២។ តើអ្វីទៅនៅពីក្រោយគឺការចាប់បង្ខំឱ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តី ប្រធានអាស៊ានកាត់សេចក្តី ដែនកោះនេះជារបស់ប្រទេសនេះ ដែនកោះនោះជារបស់ប្រទេសនោះ តើប្រធានអាស៊ានមានសិទ្ធិអីទៅ សូមជូនទៅអ្នកវិភាគនយោបាយមិនមែនតែអ្នកវិភាគនៅក្នុងប្រទេសទេ គឺចង់ឱ្យអ្នកវិភាគនៅក្រៅ ប្រទេស និងអ្នកសរសេរកាសែតធំៗនៅលើពិភពលោកអ្នកមិនដឹងអ្វីកើត ឡើងនៅពេល នោះទេ។ តែមិនមែនកម្ពុជាការពារចិនទេ ប៉ុន្តែមកពីប្រទេសដែលដណ្ដើមអធិបតេយ្យ លើ សមុទ្រចិនខាងត្បូងទាមទារឱ្យប្រធានអាស៊ានចេញសេចក្តីប្រកាសទទួលស្គាល់កោះនេះ ជាកោះរបស់ប្រទេសនេះ ដែនសមុទ្រនេះជាដែនសមុទ្ររបស់ប្រទេសនេះ។

សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា “ខ្ញុំសូមបញ្ជាក់ជូនហើយ ខ្ញុំនឹងខិតខំរួមជា មួយ ប្រទេសអាស៊ាននិងប្រទេសដទៃទៀតដើម្បីសម្រេចការចរចាកិច្ចព្រមព្រៀង (COC) មួយ ប្រកបដោយប្រសិទ្ធភាពអាចទទួលយកបានឆ្នាំ២០២២ វាក៏ជាខួប២០ឆ្នាំនៃក DOC”។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តទៀតថា ប្រសិនបើវាកើតឡើងនូវCOCនៅទីក្រុងភ្នំពេញ ចុះហត្ថលេខាបាននៅទីក្រុងភ្នំពេញ គឺកម្ពុជាសប្បាយចិត្តណាស់ សប្បាយចិត្តនៅត្រង់ ថាអា DOC ក៏វាកើតនៅភ្នំពេញ COC ក៏វាកើតនៅភ្នំពេញ។ RCEP គេហៅ ថាភាព ជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ ក៏បានកើតចេញពីទីក្រុងភ្នំពេញហើយវាចូលជាធរមាន នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឡើងវិញ។ ប៉ុន្តែក្នុងករណីដែលធ្វើមិន បាន ក្នុងករណីដែលចេញមិនរួចសុំកុំបន្ទោសកម្ពុជា។ មូលហេតុងាយយល់ ចុះប្រទេស ដទៃ ទៀតដែលធ្វើអាស៊ានមុនកម្ពុជាម៉េចក៏ធ្វើមិនបាន ហេតុអីដល់កម្ពុជាមកបន្ទោសកម្ពុជានេះ និយាយគ្នាទុកឱ្យហើយកន្លែងហ្នឹង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា កម្ពុជា មិនផ្លាស់ប្ដូរទេជំហររបស់កម្ពុជាដែលសុំបញ្ជាក់ឡើងវិញដែលចាប់ផ្ដើមពីមុនមក ទី១. ត្រូវ គោរពនិងអនុវត្តន៍ដោយពេញលេញនូវ DOC គឺអ្វីដែលបានចុះហត្ថលេខានៅទីក្រុងភ្នំពេញមានតាំងពីបញ្ហាសេរីភាពនាវាចរណ៍ សេរីភាពនៃការហោះហើរ ការគោរពច្បាប់សមុទ្រ ឆ្នាំ១៩៨២ នេះជាគោលជំហររបស់កម្ពុជា ហើយកម្ពុជាអំពាវនាវឱ្យអនុវត្តន៍ឱ្យបានត្រឹមត្រូវ។ ទី២. សូមឱ្យប្រទេសពាក់ព័ន្ធសម្របសម្រួលគ្នា ព្រោះប្រធានអាស៊ានគ្មានសិទ្ធិទៅវាស់ដីចែកជូននោះទេ ឧទាហរណ៍ព្រំដែន វៀតណាម និងចិនគឺដោះស្រាយរវាងវៀត ណាម និងចិនទៅ-។ ប្រធានអាស៊ានគ្មានសិទ្ធិកាត់សេចក្តីថាចំណុចមួយនេះជារបស់ចិន កោះនេះជារបស់វៀតណាម ឬតំបន់នេះ របស់ម៉ាឡេស៊ី ដែនទឹកនេះជារបស់ហ្វីលីពីន ឬរបស់ឥណ្ឌូណេស៊ីបានទេ ។ ដូចនេះអស់លោកនៅជាប់គ្នា អស់លោកពាក់ព័ន្ធជាមួយគ្នា អស់លោកអាចដោះស្រាយគ្នា ដូចជា វៀតណាម និងចិនដោះស្រាយ ជាមួយគ្នាបានច្រើន ណាស់ ដោយសម្ដេចសូមអបអរសាទរទាំងព្រំដែនគោកគាត់ដោះស្រាយបានទាំងអស់ ព្រំដែនទឹកក៏ដោះស្រាយបានភាគច្រើន ។ ទី៣. ខិតខំសម្រេច COCឱ្យបាន។ សម្ដេចតេជោថា គោលជំហរប្រទេសដទៃទៀតមិនខុសពីគោលជំហររបស់កម្ពុជានោះទេ។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការលើកឡើងនេះគឺគ្រាន់តែជាការជូនសារមួយ មុន ១៥ថ្ងៃ នៃការចូលកាន់ប្រធានអាស៊ានពេញលេញនៅឆ្នាំ២០ ២២ ខាងមុខ ហើយសម្ដេចសង្ឃឹមថាបណ្ដាបេសកកម្មការទូតដែលវត្តមាននៅកម្ពុជា នឹងយកគោលជំហររបស់សម្ដេចទៅដាក់ជូនមេដឹកនាំរបស់ខ្លួន។ ជាមួយគ្នានេះសម្តេចតេជោ សែន បានថ្លែងអះអាងថា “ខ្ញុំនឹងខិតខំជាមួយសមាជិកអាស៊ានដទៃទៀតដើម្បីចរចាជាមួយចិន”។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យប្រទេសមានជម្លោះនៅសមុទ្រចិនខាងត្បូងទាំងអស់ ដោះស្រាយជាមួយគ្នាពីព្រោះ អាស៊ាន ឬអង្គការសហប្រជាជាតិក៏គ្មាន សិទ្ធិទៅវាស់ដីចែកជូននោះដែរ។ ជាក់ស្តែង ដូចករណីកម្ពុជា គឺកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមជាមួយឡាវ និងជាមួយប្រទេសថៃគឺដោះស្រាយដោយ ទ្វេភាគីពោលគឺអត់មានអ្នកណាមកដោះស្រាយជំនួសទេ។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមជុំវិញបញ្ហាសមុទ្រចិនខាងត្បូងថា “កុំឱ្យបញ្ហាសមុទ្រចិនខាងត្បូងក្លាយទៅជា ថ្មក្តៅឱ្យទៅជាដំឡូងក្តៅល្អជាង សូមកុំបោះដុំថ្មក្តៅឱ្យ ហ៊ុន សែន កាន់សូមបោះដំឡូងក្ដៅ ឱ្យខ្ញុំវិញ ដំឡូងក្តៅវាក្តៅតែបន្តិចបន្ទាប់មកយើងអាចទទួលទានបាន កុំឱ្យដូចឆ្នាំ ២០១២ ដែលបោះដុំថ្មក្ដៅឱ្យកម្ពុជាកាន់”។

សម្ដេចតេជោក៏បានថ្លែងសង្កត់ធ្ងន់ អំពីការខិតខំរួមជាមួយប្រទេសអាស៊ាន ដទៃ ទៀត រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការចរចាសម្រេចនូវ COC មួយ ដែលមានប្រសិទ្ធភាពទទួលយកបាន៕

អត្ថបទដែលជាប់ទាក់ទង