ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១ ឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម បាន រៀបចំពិធីប្រគល់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១ ឆ្នាំ២០២០ ដល់ម្ចាស់ ពានរង្វាន់ ដែលរស់នៅក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ តំណាងឱ្យលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក លោកស្រី ជាថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងសិស្សនិស្សិតផងដែរ។

ឯកឧត្តម ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរបានលើកឡើងថា ការពិតពិធីប្រគល់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១ ឆ្នាំ២០២០ គឺធ្វើឡើងនៅទូទាំង ប្រទេសរួមគ្នាតែម្តង តែដោយប្រទេសជាតិស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ពិធីប្រគល់ពាន រង្វាន់នេះធ្វើតាមការជាក់ស្តែងដែលសាមី ម្ចាស់ ពានរង្វាន់រស់នៅដូចថ្ងៃនេះយើងប្រារព្ធការ ប្រគល់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១ឆ្នាំ២០២០ក្នុងខេត្តកំពង់ចាមតែម្តង។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្ដែងពីមោទកភាពយ៉ាងខ្លាំង ចំពោះម្ចាស់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១ ឆ្នាំ២០២០ ក្រោមប្រធានបទ «ជីវិតនិងនិរន្តរភាពទន្លេមេគង្គ» ដែលបានផ្តល់នូវកិត្យានុភាពលើឆាកអន្តរជាតិ ផ្តល់កិត្តិយសដល់ជាតិដល់ខេត្ត និងដល់ក្រុមគ្រួសារ ហើយអ្នករស់នៅជាប់ដងទន្លេមេគង្គ ពិតជាសំបូរអ្នកមានចំណេះខ្លាំង។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា អក្សរសិល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំង នូវតថភាព និងសាក្សីរបស់សង្គមដោយអក្សរសិល្ប៍បែបណាសង្គមបែបនោះ។ ដូចជាប្រព័ន្ធអក្សរ សិល្ប៍អំពីទន្លេមេគង្គពិតជាមានអត្ថន័យទូលំទូលាយណាស់ ដែលបង្ហាញពីចំណង សាមគ្គីភាពរបស់បណ្តាប្រទេសជាប់ដងទន្លេមេគង្គ និងការចែករំលែកបទ ពិសោធន៍ដល់ អ្នកនិពន្ធ សិស្ស និស្សិត ឱ្យយល់ពីអត្ថន័យអំពីទន្លេមេគង្គ ធ្វើការសិក្សាស្រាវជ្រាវ និងផ្តល់នូវ បទពិសោធន៍ តាមរយៈស្នាដៃនិពន្ធអក្សរសិល្ប៍នៅតាមប្រទេសនីមួយៗជាប់ដងទន្លេមេគង្គ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ទន្លេមេគង្គមានប្រភពតែមួយ ជីវិតតែមួយ ផឹកទឹកទន្លេតែមួយទទួលផលប្រយោជន៍ និងជោគវាសនាតែមួយ ចំពោះប្រទេសជាប់ ដងទន្លេមេគង្គដូចនេះរួមគ្នាថែរក្សាមរតកធម្មជាតិឱ្យ បានស្រស់បំព្រងដើម្បីទទួលបានផល ប្រយោជន៍ស្មើៗគ្នាព្រោះទឹកទន្លេមេគង្គមិនត្រឹមតែផ្តល់ឱ្យ ជីវិតមនុស្សរាប់លាននាក់ ជីវិតសត្វគ្រប់ប្រភេទ មានជីវិតព្រមទាំងបាននាំមកនូវការអភិវឌ្ឍទៀតផង។

ឯកឧត្តមក៏បានធ្វើការណែនាំដល់សិស្សនិស្សិតទាំងអស់ ត្រូវយកចិត្តទុកដាក់រៀន សូត្រតាមគំរូវីរភាពរបស់រៀមច្បង។ ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវបង្កើន ចំណះដឹងលើ ផ្នែកភាសាគ្រប់ភាសាទាំងអស់ ដើម្បីទីផ្សារការងារដែលបានមកពីចំណេះដឹង ហើយត្រូវបន្ដ អនុវត្តន៍ វិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងរលកមុន និងរលក ក្រោយដោយអនុវត្តន៍តាមស្ដង់ដាររបស់ក្រសួង ដែលបានដាក់ចេញ៕

អត្ថបទដែលជាប់ទាក់ទង