សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ការបើកសម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល

នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ សម្តេចតេជោ មានមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចំរើន និងអភិវឌ្ឍនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានសាងសង់ក្នុងតម្លៃ ១៨០លានដុល្លារ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។

សណ្ឋាគារនេះ គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។

សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» មានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀបចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។

សូមបញ្ជាក់ជូនថា វត្តមានសណ្ឋាគារនេះ នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង