សត្វក្រួចបង្កក ជាង៣ពាន់គីឡូក្រាម ដែលនាំចូលមកពីប្រទេសវៀតណាមដោយខុសច្បាប់តាមច្រកព្រែកចាក ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន

កណ្តាល៖រថយន្តមួយគ្រឿង ចំណុះ១តោន ម៉ាក KIA FRONTIER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២BA-៤០៥៣ ដែលបានដឹកសត្វក្រួចបង្កកចំនួន៦៤កេសស្មើនឹង៣២០០គីឡូក្រាម នាំចូលពីប្រទេសវៀតណាមមកកាន់កម្ពុជាតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិក្រាំងគាំ ឃុំត្រែង ស្រុកកណ្ដាល ស្ទឹងខេត្តកណ្តាល ។

ការបង្ក្រាបនេះដែរ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។

បច្ចុប្បន្ន ក្រុមការងារបាននាំយកវត្ថុតាងទាំងអស់នេះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដើម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រភពព័ត៌មានដាច់ដោយឡែកមួយទៀត បង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកភ្លើងខៀវពីមន្ត្រីច្រកព្រែកចាក ស្រុកកំពង់ត្រឡាច ខេត្តកំពត ទេ ឡានមួយគ្រឿងនេះក៏មិនអាចធ្វើចរាចរណ៍ដោយដឹកសត្វក្រួចបង្កកគ្មានច្បាប់ដោយរលូនបែបនេះដែរ ៕

អត្ថបទដែលជាប់ទាក់ទង