ព្រឹត្តិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ត្រូវបានប្រកាសបិទជាផ្លូវការនៅថ្ងៃល្ងាចម្សិលមិញ

បន្ទាប់ពីដំណើរការអស់រយ:ពេល៣ថ្ងៃ ព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២២ ត្រូវបានប្រារព្ធពិធីបិទផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ នៅសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោកស្រី យូ សុភា អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងអង្គទូត និងភ្ញៀវអន្តរជាតិ ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អគ្គនាយករង និងមន្ត្រីក្រោមឱវាទ នៃអាជ្ញាធរជាតិអប្សរា និងលោកលោកស្រី ជាប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អញ្ជើញចូលរួមផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា បានបញ្ជាក់ថា ព្រឹត្តិការណ៍ ដែលបានបិទបញ្ចប់នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលបានឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជា ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនោះមានក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជាសេនាធិការ បានខិតខំពុះពារនូវរាល់ការលំបាក ដើម្បីទទួលបានជោគជ័យ ក្នុងការបញ្ចូលលទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២០-២០២២ ដែលជាទីក្រុងពោរពេញ ដោយបេតិកភណ្ឌរូបី អរូបី ជាសក្ខីភាព នៃគំនិតប្រកបដោយទេពកោសល្យដ៏វិចិត្រ និងរស់រវើកដែលដូនតាបានបន្សល់ទុករហូតដល់សព្វថ្ងៃ។

លោកស្រីបានបន្តទៀតថា ការដាក់បញ្ចូលក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាននេះ គឺជាមហាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលជាកក្តាជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងឆាប់រហ័សនៅពេលខាងមុខ ស្របពេលដែលកម្ពុជា គ្រោងបើកប្រទេស ដើម្បីទទួលភ្ញៀវ និងវិនិយោគិនចាក់វ៉ាក់សាំង នៅខែមករាឆ្នាំ២០២២ខាងមុខនេះ ក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយពីវិបត្តិសកលកូវីដ-១៩ ជាមួយនឹងសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅចុងខែធ្នូ ឆ្នាំ២០២១នេះ។

ឯកឧត្ដម ហាប់ ទូច បានមានប្រសាសន៍ថា ព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាននាពេលនេះ គឺពិតជារួមចំណែកអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរ ឱ្យទៅជាកម្លាំងលើកទឹកចិត្តកូនខ្មែរ ឱ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ព្រមទាំងប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឱ្យទៅជា មជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចាត់ទុកព្រឹត្តិការណ៍វប្បធម៌នេះ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយដ៏សំខាន់ និងសូមគាំទ្រឲ្យបន្តរៀបចំមហោស្រពប្រកួតប្រជែង បង្ហាញស្នាដៃសិល្ប: វប្បធម៌គ្រប់រូបភាព ឲ្យកាន់តែផុលផុសឡើងថែមទៀត ដោយត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម ជាពិសេសដៃគូឯកជន ដើម្បីប្រែក្លាយសក្តានុពលវប្បធម៌ខ្មែរ ឲ្យទៅជាកម្លាំងលើកទឹកចិត្តកូនខ្មែរ ឲ្យចេះប្រើប្រាស់គំនិតបញ្ញា ដើម្បីផលិតស្នាដៃវប្បធម៌ថ្មីៗ ដើម្បីអនាគតរុងរឿងត្រចះត្រចង់ក៊ នៃមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហាប់ ទូច បានសំណូមពរឱ្យផ្នែកពាក់ព័ន្ធនានាយកចិត្តទុកដាក់ចំពោះព្រឹទ្ធាចារ្យសិល្ប: និងអ្នកមានចំណេះជំនាញ ដែលជាជ័យលាភីកន្លងមក និងក្នុងពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា និងផ្ទេរចំណេះដឹងជូនសាធារណជន ពិសេសយុវជនជំនាន់ក្រោយ ដើម្បីឲ្យពួកគេមាន ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃ នៃវប្បធម៌ និងចូលរួមជាចំណែកក្នុងការថែរក្សាការពារ មត៌កវប្បធម៌ឲ្យបានគង់វង្សទៅអនាគត។ ភាពគង់វង្ស និងរីកចម្រើន នៃវប្បធម៌ជាតិក៏ជាផ្នែកមួយនេះការលើកម្ពស់សេដ្ឋកិច្ចជាតិ និងសុខមាលភាពសង្គមផងដែរ។

សូមបញ្ជាក់ថា ៖ព្រឹត្តិការណ៍វប្បធម៌ ដើម្បីអបអរសាទរទីក្រុងសៀមរាប បានរៀបចំពិព័រណ៍ម្ហូបអាហារប្រចាំសហគមន៍ នៃខេត្តទាំង៥ ដែលមានភូមិសាស្ត្រ ជុំវិញបឹងទន្លេសាប , ការសម្ដែងចាប៉ីដងវែង , ការបង្ហាញ និងសម្តែងល្ខោន , ការបង្ហាញក្បាច់គុណល្បុកតោកម្ពុជា , ការគូរគំនូរលើផ្ទាំងក្រណាត់ , ការពិព័រណ៍គំនូរ , ការសម្តែងសៀករហ័សសកម្ម ,ការបង្ហោះខ្លែងឯក ។ល។ ដែលមានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង