ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញសំណេះសំណាលជាមួយក្មួយៗនៅមជ្ឈមណ្ឌលបុរីកុមារខេត្តកែប

នៅរសៀលថ្ងៃទី១០ ខែធ្នូ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បានអញ្ជើញសំណេះសំណាល សួរ សុខទុក្ខ កុមារកំព្រាក្នុងមជ្ឈមណ្ឌលបុរីកុមារខេត្តកែប និងមានការអញ្ជើញចូលរួមពីសប្បុរសជន ដូចជា ក្រុមសមាគមអចលនទ្រព្យសាកល , សមាគមពុទ្ធសាសនាអន្តរជាតិ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

មានប្រសាសន៍សំណេះ សំណាល ទៅកាន់ក្មួយៗ កុមារ កំព្រានាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បើទោះបីក្មួយៗទាំងអស់ជាកុមារ កំព្រា ពុំមានឪពុកម្តាយ តែក្មួយៗ នៅមានឱកាសសិក្សារៀនសូត្រ ដូចក្មេងៗនៅតាមផ្ទះដែរ ទោះបីក្មួយៗនៅក្នុងបុរីកុមារនេះក៏ដោយ ព្រោះក្មួយៗបានទទួល ការមើលថែទាំយ៉ាងយកចិត្តដាក់ ពីម៉ែដោះគ្រប់ពេលវេលាដូច្នេះ សូមក្មួយៗ ខិតខំតែម្យ៉ាងគឺ ការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីចាប់យកឱកាសការងារ ទៅអនាគតដ៏ត្រចះត្រចង់ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ក្រុមសមាគមអចលនទ្រព្យសាកល និងសមាគមពុទ្ធសាសនា អន្តរជាតិ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងឱកាសនាំយកអំណោយរបស់សម្តេចតេជោ មកសួរសុខទុក្ខ និងផ្ដល់ជូនក្មួយៗកុមារកំព្រានាពេលនេះ។ ឯកឧត្តមចាត់ទុកកាយវិការនេះ ជាការបង្ហាញនូវការគិតគូរ យកចិត្តទុកដាក់ អាណិតស្រឡាញ់ កុមារកំព្រាក្រីក្រ កុមាររងគ្រោះ ដែលពួកគេកំពុងស្នាក់អាស្រ័យក្នុងមជ្ឈមណ្ឌលនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំលឹក ដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ លាងដៃ ពិសេស អនុវត្តវិធានការ បីកុំ បីការពារ ឱ្យបានជាប់ជាប្រចាំ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ និងត្រូវផ្ចង់អារម្មណ៍ខិតខំរៀនសូត្រ និងត្រូវចេះស្តាប់បង្គាប់ម៉ែដោះក្នុងមណ្ឌល ចេះសាមគ្គីជួយគ្នាទៅវិញទៅមក ។

បន្ទាប់មកគណៈអធិបតីបានផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ ដល់កុមារទាំង ៣៨នាក់ ក្នុងម្នាក់កាតាបរៀនមួយ ដបអាកុលម្នាក់មួយ និងថវិកា៣ម៉ឺនរៀល និងផ្តល់សម្ភារៈដល់បុរីកុមារ រួមមាន អង្ករ១តោន មី៣០កេស កង់៥គ្រឿង សៀវភៅសិក្សាសម្រាប់ក្មួយៗ២០០ក្បាល ម៉ាស់២៥០០ អាល់កុល៣០លីត្រ ថវិកា ៤,០០០,០០០រៀល, ឧបត្ថម្ភ បុគ្គលិកនិងម៉ែដោះ៧នាក់ ក្នុងម្នាក់៥ម៉ឺនរៀល,ផ្តល់ថវិកាជូនដល់កុមារ ដែលបានបញ្ចប់ការសិក្សាមានការងារធ្វើ ហើយបានចេញពីបុរីកុមារ៩នាក់ ក្នុងម្នាក់១,០៨០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង