កិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងកម្ពុជា នឹងជួយអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងបរិបទជំងឺកូវីដ-១៩

ភ្នំពេញ÷សម្តេចក្រឡាហោម ស ខេង បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោកនិងកម្ពុជា នឹងជួយអភិវឌ្ឍលើគ្រប់ វិស័យនៅក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីស្ដារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។

ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ចូលជួបសម្ដែង ការគួសមនិងពិភាក្សាការងារ តាមប្រព័ន្ធវីដេអូកាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានសម្ដែងការជឿជាក់ថា ភាពជាដៃគូ រវាងធនាគារពិភពលោកនិងកម្ពុជា នឹងកាន់តែមានសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងបរិបទដែលពិភពលោកទាំងមូលក៏ដូចជាកម្ពុជាកំពុងខិតខំដោះស្រាយវិបត្តិសេដ្ឋកិច្ច និងសុខាភិបាល ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម បន្តថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំយកចិត្តទុកដាក់ក្នុងការដាក់ចេញនូវរាល់វិធានការនានា ទាំងវិធានការសេដ្ឋកិច្ច និងសុខាភិបាល ដើម្បីធានាដល់ការគ្រប់គ្រង និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសការការពារ អាយុជីវិតប្រជាពលរដ្ឋឱ្យចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រប្រកបដោយ ភាពបត់បែន ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តន៍គម្រោងគាំទ្រនានា ដែលបានចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាល កម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងគម្រោងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩នេះ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះគម្រោងនានាដែលWold Bank កំពុងជួយគាំទ្រដល់ការលើកកម្ពស់ អភិបាលកិច្ចល្អនៅកម្ពុជា ជាពិសេសការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងបន្តនូវកិច្ចសហប្រតិបត្តិការល្អរបស់ ធនាគារពិភពលោកផងដែរ។

ជាការឆ្លើយតបលោកស្រី Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានអះអាងថា ធនាគារពិភពលោកត្រៀមខ្លួន ជានិច្ច ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាគាំទ្រដល់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តន៍គម្រោង ផ្សេងៗដែលកំពុងបន្ត ហើយក៏រង់ចាំធ្វើការជាមួយក្រសួងមហាផ្ទៃ ប្រសិនបើក្រសួងមានគំនិតចង់សិក្សាអំពីគម្រោងណាមួយ ជាមួយធនាគារ ពិភពលោក។លោកស្រី ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះធនាគារពិភពលោកកំពុងស្វែងរកធនធានបន្ថែមទៀត ដើម្បីផ្ដល់ជាហិរញ្ញប្បទាន ដល់គម្រោងកំពុងអនុវត្តឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព ហើយលោកស្រី ចង់ទទួលទស្សនៈពីសម្ដេចក្រឡាហោម ពាក់ព័ន្ធនឹង ស្ថានភាពកម្ពុជា ដើម្បីជួយជាការតម្រង់ទិសដល់ធនាគារពិភពលោកបន្តការគាំទ្រប្រទេសកម្ពុជា។

លោកស្រីបន្ថែមថា ទោះបីស្ថិតក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក៏ដោយ ក៏លោកស្រីមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់ចេញនូវ វិធានការផ្សេងៗប្រកបដោយប្រសិទ្ធភាព ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលបានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចវិលមករក ភាពល្អប្រសើរ ឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង