ក្រសួងការពារជាតិ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដល់នាយទាហាន ជំហានដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១
TNM(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ដើម្បីសម្របសម្រួល ទទួល ទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកងទ័ពក្នុងកងយោធពលខេមរភូមិន្ទ និងគ្រួសារកងទ័ព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន TNM TV online នៅថ្ងៃទី០៨ ខែកុម្ភៈនេះថា តាមការប្រុងប្រៀប កងទ័ពនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា។
ភ្លាមៗក្រោយពីទទួលបានអនុសាសន៍ពី សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ នាង ផាត ដែលជាប្រធានក្រុមការងារ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារដ៏សំខាន់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ នាង ផាត បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំដល់ក្រុមការងារ ដើម្បីបសម្របសម្រួល ទទួល ទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកងទ័ព ក្នុងកងយោធពលខេមរភូមិន្ទ និងគ្រួសារកងទ័ព ដល់ទាហានចាក់វ៉ាក់សាំង ចាប់ពីអាយុ១៨ រហូតដល់អាយុលើសពី៥៩ឆ្នាំ តាមការស្ម័គ្រចិត្ត។
នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថាតាមការប្រុងប្រៀប កងទ័ពនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤៖០០នាទី នៅមន្ទីរពេទ្យព្រះកេតុមាលា»។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងថា បើតាមអនុសាសន៍របស់ សម្តេចពិជ័យសេនា ជាជំហានដំបូង ត្រូវចាប់ផ្តើមចាក់វ៉ាក់សាំង ដល់នាយទាហានជាន់ខ្ពស់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីបង្ហាញពីប្រសិទ្ធភាពវ៉ាក់សាំង «ស៊ីណូហ្វាម» ដែលឧបត្ថម្ភដោយក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន អាចប្រើប្រាស់ចាក់ជូនយោធិន ដែលមានអាយុលើសពី៥៩ឆ្នាំ ប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី៧ ខែកុម្ភៈ ម្សិលមិញ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕