សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ “

នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមការឲ្យដឹងពីអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ទទួលការវិនិយោគលានយន្តហោះនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ​រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។

ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន៖ ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា, ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ, ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ, សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់, ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់, ស្ថានីយស្តុកសំណល់រឹង, ស្ថានីយជួសជុលយានយន្ត, ស្ថានីយស្តុកប្រេង, ស្ថានីយស្តុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។

គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា។

សម្តេចតេជោ​ ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាពចំពោះដំណើរការនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅពេលនេះ ដែលបានសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជាអ្វីដែលក្រុមហ៊ុនបានបញ្ជាក់ខាងលើ។សម្តេចតេជោបានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។

ពាក្យថា «តេជោ» ដែលបានដាក់នៅអាកាសយានដ្ឋានថ្មីនេះ មិនមែនដំដៅដល់សម្តេចម្នាក់ឯងនោះឡើយ គឺបានសំដៅដល់តេជោជាច្រើនរូបទៀត ជាពិសេសមាន តេជោមាស តេជោយ៉ត ជាដើម ពិសេសក៏ជាការបង្ហាញអំពីសមិទ្ធផលដែលកើតនៅក្នុងរបបរាជានិយមផងដែរ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានដែលមានសមត្ថភាពខ្ពស់បែបនេះ គឺវាពិតជាសំខាន់ណាស់ សម្រាប់ទទួលយន្តហោះធំៗ និងឆ្លើយតបនឹងកំណើននៃការធ្វើដំណើរតាមផ្លូវអាកាស ដែលនៅពេលខាងមុខកម្ពុជានឹងមានជើងហោះហើរជាច្រើនធ្វើដំណើរមកកម្ពុជា។

នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចមានបំណងប្រមូលទុនក្នុងស្រុកសម្រាប់សាងសង់សំណង់នានា។ សម្តេចតេជោចង់ឱ្យសំណង់នោះ ជាសមិទ្ធផលកើតចេញពី «បាតដៃខ្មែរ» ពោលទាំងប្រាក់ និងកម្លាំងពលកម្ម គឺកើតចេញពីខ្មែរទាំងអស់។ សម្តេចតេជោ បានរំលឹកថា ពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើងនោះ មិនមែនជារឿងលេងសើចទេ តែវាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។

នៅថ្ងៃនេះ ផងដែរ សម្តេចតេជោរដ្ឋមន្ត្រីបានថ្លែងថា ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុង សម្រាប់នាពេលអនាគត បានរៀបចំរួចហើយ ហើយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នឹងរៀបចំធ្វើសន្និបាតរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីបម្រុង​ដែលសម្តេចបានរើសនោះ ពាក់កណ្តាលជាថ្នាក់បណ្ឌិត ក្រៅពីនោះជាអនុបណ្ឌិត ដែលមានអាយុភាគច្រើនក្រោម៦០ឆ្នាំ។

សម្ដេចតេជោក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទទួលការសាងសង់អាកាសយានដ្ឋានធំនេះ និងអរគុណដល់បុគ្គលិកកម្មករទាំងខ្មែរទាំងបរទេសទាំងអស់ដែលបានចូលរួមចំណែកដ៏សកម្ម និងជូនពរអោយជួបតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជំងឺកូវីដ-១៩ និងជោគជ័យគ្រប់ៗគ្នា។

 ក្រោយពីសំណេះសំណាលជាមួយបុគ្គលិក កម្មករ ការដ្ឋានអាកាសយានដ្ឋានអន្តរជាតិនេះរួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើដំណើរពិនិត្យមើលការដ្ឋាន ក៏ដូចជាកន្លែងសំខាន់ៗដែលក្រុមហ៊ុនបានសាងសង់រួចរាល់ និងកំពុងដំណើរការនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនេះ ប្រកបដោយបរិយាកាសរីករាយបំផុត៕

អត្ថបទដែលជាប់ទាក់ទង