សម្តេចតេជោដាក់ឈ្មោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គឺសំដៅប្រទេសរាជានិយម

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឈ្មោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គឺសំដៅប្រទេសរាជានិយម មិនមែនសំដៅដល់គោរមងារបស់សម្តេចនោះទេ ។ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍ថា ក្នុងប្រទេសកម្ពុជា នៅតំបន់ស្អាងនេះ ជាតំបន់ដែលតេជោធ្វើសកម្មភាព ដែលមានតេជោជំនាន់មុននៅក្នុងសតវត្សរ៍ទី១៦ គឺតេជោមាសនិងតេជោយ៉ត  ឯតេជោជំនាន់ក្រោយគឺរូបសម្តេចផ្ទាល់ ធ្វើសកម្មភាពបម្រើជាតិមាតុភូមិ ។ សម្តេចតេជោបានបញ្ជាក់ថា តេជោ បើគ្មានភ្ជាប់ហ៊ុនសែន នៅពីខាងក្រោយទេ មានន័យទូលំទូលាយ ដែលចង់សំដៅថា ប្រទេសនេះមានប្រវត្តិជារបបរាជានិយម ព្រោះមានតែរបបរាជានិយមទេ ដែលមានគោរមងារជាតេជោ មានគោរមងារជាសម្តេច ជាអ្នកឧកញ៉ា ជាឧកញ៉ាជាដើម ។ សម្តេចតេជោ បានបន្តថា គោរម ងារតេជោនេះទៀតសោត  មានតែព្រះមហាក្សត្រ នៅក្នុងរបបរាជានិយមទេ ដែលមានព្រះរាជសិទ្ធិ ព្រះរាជទានគោរមងារតេជោនេះផងដែរ ដូចជារូបសម្តេចផ្ទាល់ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យព្រះរាជទានគោរមងារតេជោនេះជូនសម្តេច ។ សំឡេង« អ៊ីចឹងថ្ងៃនេះបញ្ជាក់ឡើងវិញ ការដាក់ឈ្មោះអាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនសំដៅឈ្មោះខ្ញុំទេ សំដៅថាប្រទេសនេះជាប្រទេសរាជានិយម ព្រោះមានតែរាជានិយម ទេ ទើបមានគោរមងារតេជោ មានគោរមងារសម្តេច មានគោរមងារអ្នកឧកញ៉ា មានគោរមងារឧកញ៉ា ។ ន័យចង្អៀតជាងនេះ តំបន់នេះជាតំបន់តេជោ ក្នុងសតវត្សរ៍ទី១៦ ក្នុងជំនាន់ព្រះស្រីសុរិយោពណ៌ តេជោមាស ធ្វើសកម្មភាពចេញពីច្រកហ្មឹង បើខ្ញុំមិនច្រឡំទេ ព្រះស្រីសុរិយោពណ៌យាងមកស្រុកស្អាង ដាក់ចេញនូវព្រះរាជបញ្ជាឱ្យតេជោមាស ក្នុងពេលនោះតេជោយ៉តគ្រាន់តែជាអ្នកបម្រើតេជោមាសទេ ដល់ពេលតេជោ មាសស្លាប់ទៅទើបតេជោយ៉តឡើងជំនួស » ៕

អត្ថបទដែលជាប់ទាក់ទង