ឯកអគ្គរដ្ឋទូតវៀតណាម ថា ជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាក់សំាងកូវីដ-១៩ ធ្វើឱ្យកម្ពុជា ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 7 ខែ ធ្នូ ឆ្នាំ 2021 134 ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា បានកោតសរសើរ ចំពោះនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យយ៉ាងធំធេង ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញ និង ក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ និងបានអរគុណចំពោះកម្ពុជា ដែលបាន ផ្តល់ថវិកានិងបរិក្ខារពេទ្យដល់ប្រទេសវៀតណាមនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នាពេលកន្លងមក។ ក្នុងជំនួបសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសន្យាថានឹងខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទំាងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម។ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានជម្រាបជូនសម្តេចថា ទោះបីនៅក្នុងកាលៈទេសៈ កូវីដ១៩នេះក្តី តែទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាម បានកើនឡើងជាលំដាប់ នៅក្នុងនោះការនាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាម ច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ ចំពោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង ដែលត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។ សម្តេចបានមានប្រសាសន៍លើកឡើងថា បេសកកម្ម ការទូតថ្មីរបស់ឯកឧត្តមនៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ រដ្ឋសភាកម្ពុជា សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបាន ក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។ ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយ២៥លានដុល្លារអាមេរិក សម្រាប់ការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះ គម្រោងសាងសង់កំពុងដំណើរការជ្រើសរើស ក្រុមហ៊ុនសាងសង់ ដែលនៅក្នុងនោះ មានក្រុមហ៊ុនមួយចំនួនបានដាក់ពាក្យដេញថ្លៃ រួមទំាងក្រុមហ៊ុនរបស់ប្រទេសវៀតណាមផងដែរ។ សម្តេចបានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ គ្រោងនឹងបើកការដ្ឋាន នៅដើមឆ្នាំ២០២២ខាងមុខនេះ៕ 134 ចែករំលែក