សម្ដេច ហ៊ុន សែន ផ្ញើសារទៅមេយោធាវៀតណាមម្នាក់ ឱ្យសុំទោសកម្ពុជា ពីបញ្ហាកូវីដ-១៩

ភ្នំពេញ៖ ពីពិធីសម្ពោធផ្លូវជាតិលេខ១១ និងផ្លូវក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី៦ ធ្នូ នេះ សម្ដេច ហ៊ុន សែន ផ្ដាំឱ្យអនុរដ្ឋមន្រ្តីវៀតណាមម្នាក់ សុំទោសប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងពាក្យសម្តីថា ឱ្យកងទ័ព និងប្រជាជនវៀតណាម តាមព្រំដែនមានការប្រុងប្រយ័ត្ន ចំពោះការឆ្លងជំងឺកូវីដ-១៩ ពីកម្ពុជាចូលទៅប្រទេសវៀតណាម។
«លោកឯងគួរសុំទោសខ្ញុំអត់? លោកឯងគួរសុំទោសប្រជាជនកម្ពុជាអត់?»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានផ្ញើសារទៅឧត្តមសេនីយ៍វៀតណាម Hoàng Xuân Chiến ដែលទទួលកិច្ចការងារព្រំដែន ធ្លាប់បានលើកថា បើគ្មានប្រុងប្រយ័ត្នទេ ការឆ្លងជំងឺកូវីដ-១៩ ពីកម្ពុជា នឹងដូចជាជំនន់ទន្លេមេគង្គ កាលពីឆ្នាំ២០០០ដែរ។
សម្ដេច ហ៊ុន សែន ទទួលយកមិនបានចំពោះពាក្យសម្តីនេះឡើយ។ សម្រាប់សម្ដេច ហ៊ុន សែន ប្រទេសកម្ពុជាតូចពិតមែន តែមិនមែនជាប្រភពជំងឺឡើយ។ ដូច្នេះពាក្យសម្តីរបស់ឧត្តមសេនីយ៍វៀតណាម Hoàng Xuân Chiến គឺជាការប្រមាថដល់ប្រជាជនកម្ពុជា។
«ខ្ញុំស្នើឱ្យ[វៀតណាម]ដកឧត្តមសេនីយ៍ហ្នឹង តែគេដកពីផ្កាយពីរ ទីផ្កាយ៣បណ្ដោយ ឥឡូវដូចគេឱ្យឡើងជាអនុរដ្ឋមន្រ្តីការពារជាតិវៀតណាមទៀត»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានផ្ដាំឱ្យអនុរដ្ឋមន្រ្តីការពារជាតិវៀតណាមរូបនេះ កែតម្រូវពាក្យសម្តីខ្លួន ឬក៏ចេញសារសុំទោសប្រជាជនកម្ពុជា។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សារនយោបាយរបស់សម្ដេចនេះ មិនមែនជាការទិតៀនរដ្ឋាភិបាល និងប្រជាជនវៀតណាមទេ តែជាទិតៀនសំដៅទៅលើតែឧត្តមសេនីយ៍ Hoàng Xuân Chiến អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ដែលទទួលកិច្ចការងារព្រំដែនប៉ុណ្ណោះ។
បើតាមសម្ដេច ហ៊ុន សែន មេបញ្ជាការវៀតណាម Hoàng Xuân Chiến ទទួលកិច្ចការនៅព្រំដែននេះ បាននិយាយថា បើគ្មានប្រុងប្រយ័ត្នទេ ជំងឺកូវីដ-១៩ ពីកម្ពុជាទៅវៀតណាម ដូចជំនន់ទន្លេមេគង្គនេះ កាលពីថ្ងៃទី ១០ មីនា ២០២០កន្លង។
អត្ថបទដែលជាប់ទាក់ទង