សម្តេចតេជោ អបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩ ដើម្បីបង្ហាញពីកិច្ចគាំពារដល់ជនមានពិការភាព
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបង្ហាញពីកិច្ចគាំពារឧត្តមប្រយោជន៍និងការលើកសិទ្ធិរបស់ជនមានពិការភាព។
ក្នុងសារលិខិតអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងបានរៀបចំប្រារព្ធមីទ្ទីង ដើម្បីអបអរសារទរទិវាជនមានពិការភាពកម្ពុជានិងអន្តរជាតិ ៣ធ្នូ។ ឆ្នាំ២០២១នេះ សកលលោកនៅបន្តជួបវិបត្តិជំងឺកូវីដ-១៩ ដែលនៅតែជះឥទ្ធិពលមកដល់ព្រះរាជាណាចក្រកម្ពុជាយើងនៅឡើយ។
សម្តេចតេជោបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមានសេចក្តីសោមនស្សរីករាយ ក្រៃលែងដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ពិសេសជនមានពិការភាពកម្ពុជាក៏ដូចជាប្រជាជាតិទាំងឡាយក្នុងពិភពលោកដើម្បីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៣ និងអន្តរជាតិលើកទី៣៩ ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំនិងការចូលរួមរបស់ជនមានពិការភាពដើម្បីឆ្ពោះទៅរកការស្តារឡើងវិញក្រោយកូវីដ-១៩ ប្រកបដោយបរិយាបន្ន ផាសុកវត្ថុ និងចីរភាព” ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។
សម្តេចតេជោបានបន្តទៀតថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានប្រកាសបើកសង្គមនិងសេដ្ឋកិច្ចកម្ពុជានៅគ្រប់វិស័យ ដើម្បីស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ពិសេសស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជាយើងគ្រប់រូប ក្នុងនោះរួមទាំងការគិតបញ្ចូលដល់សុខុមាលភាពរបស់ជនមានពិការភាពកម្ពុជាយើងផងដែរ។ ក្នុងបរិការណ៍បច្ចុប្បន្ន ខណៈដែលមេរោគកូវីដ-១៩បំប្លែងថ្មីកំពុងបន្តរីករាលដាលក្នុង ពិភពលោក និងមិនមានភាពច្បាស់លាស់នៅថ្ងៃអនាគត រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យុទ្ធសាស្ត្រគន្លឹះយ៉ាងម៉ឺងម៉ាត់ដាក់ចេញនូវគោល នយោបាយចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿន តាមគោលដៅកំណត់និងបន្តជំរុញអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ជាពិសេសវិធាន ៣កុំ ៣ការពារ និងការរៀនរស់ជាមួយកូវីដ-១៩តាមបែបគន្លងថ្មី។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេច សូមសម្តែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនមានពិការភាពទូទាំងប្រទេសអស់ពីដួងចិត្ត។ បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជានៅបន្តអាក់ខានមិនបានរៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៣និងអន្តរជាតិលើកទី ៣៩ យ៉ាងឱឡារឹកទាំងនៅថ្នាក់ជាតិនិងក្រោមជាតិក្តី ក៏មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខ នៅតាមមជ្ឈមណ្ឌលនិងទីតាំងរស់នៅរបស់បងប្អូនមានពិការភាព ព្រោះរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា ៕