អភិបាលខេត្តកំពង់ចាមលើកឡើងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឱ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 3 ខែ ធ្នូ ឆ្នាំ 2021 116 កំពង់ចាម ៖ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) នៅមន្ទីរផែនការខេត្ត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឱ្យប្រជាជនរួចផុតពី បន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ ។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្ត មានចំនួន ៤៤គម្រោង ដែលត្រូវចំណាយថវិកា ចំនួនជាង ៣៦ លានរៀល និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩ គម្រោង ដែលត្រូវចំណាយថវិកាចំនួនជិត ១ពាន់លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា គម្រោងទាំងនេះពិតជាស្ដែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋមានកំណើន សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រនិងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស ជាតិ ឱ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអង្គភាព ស្ថាប័នរបស់រដ្ឋបាលខេត្ត បានខិតខំបំពេញកាតព្វកិច្ច អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយកំណែ ទម្រង់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលគួរជាទីពេញចិត្ត បានធ្វើឱ្យទីក្រុង ទីប្រជុំជន និងជនបទ មានភាពស្រស់បំព្រង គ្រប់រដូវកាល។ ជាក់ស្តែងទោះបីកម្ពុជា រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត ១២,៦% និងតំបន់ជនបទ ២២,៨% នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ៕ 116 ចែករំលែក