ប្រទេសប៉ូឡូញអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅកាន់តំបន់ព្រំដែនជាមួយបេឡារុស្ស
រដ្ឋាភិបាលប៉ូឡូញបានប្រកាសថា ខ្លួននឹងបើកឡើងវិញនូវតំបន់ហាមឃាត់ចម្ងាយ 3គីឡូម៉ែត្រនៅក្នុងតំបន់ព្រំដែនជាមួយប្រទេសបេឡារុស្សសម្រាប់អ្នកសារព័ត៌មាន។
ការដាក់រដ្ឋក្នុងគ្រាអាសន្នត្រូវបានប្រកាសនៅក្នុងតំបន់នេះកាលពីក្នុងខែកញ្ញា បន្ទាប់ពីជនចំណាកស្រុកមួយចំនួនធំមកពីមជ្ឈិមបូព៌ាព្យាយាមចូលទៅក្នុងសហភាពអឺរ៉ុប (EU) ដោយប្រើប្រាស់ព្រំដែនដីគោករវាងប៉ូឡូញ និងបេឡារុស្ស ដើម្បីចង់ដាក់ពាក្យសុំឋានៈជាជនភៀសខ្លួន។
ប៉ូឡូញ និងអាជ្ញាធរសហភាពអឺរ៉ុបបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់អំពីការបញ្ឈប់ការចូលទៅក្នុងទឹកដីសហភាពអឺរ៉ុបដោយគ្មានការអនុញ្ញាត។ អាជ្ញាធរប៉ូឡូញក៏បានរារាំងអ្នកសារព័ត៌មាន និងបុគ្គលិកជំនួយមិនឱ្យចូលទៅក្នុងតំបន់ហាមឃាត់នោះផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ លោក Blazej Pobozy បាននិយាយថា គិតត្រឹមថ្ងៃទី១ ខែធ្នូ អ្នកសារព័ត៌មានដែលចង់ចូលទៅកាន់តំបន់នោះនឹងត្រូវការការទទួលស្គាល់ជាពិសេស ហើយនឹងត្រូវបានអមដំណើរដោយឆ្មាំព្រំដែនក្នុងអំឡុងពេលនៃការស្នាក់នៅរបស់ពួកគេ។
អ្នកសារព័ត៌មានក៏នឹងត្រូវតម្រូវឱ្យពាក់អាវកាក់ពិសេសដែលកំណត់អត្តសញ្ញាណពួកគេថាជាប្រព័ន្ធផ្សព្វផ្សាយដែលមានការទទួលស្គាល់ផងដែរ។ ច្បាប់ថ្មីទាំងនេះនឹងចូលជាធរមានរហូតដល់ថ្ងៃទី១ ខែមីនា។
វិបត្តិព្រំដែននេះបានកើនឡើងក្នុងខែវិច្ឆិកា នៅពេលដែលមនុស្សមួយក្រុមធំព្យាយាមឆ្លងពីបេឡារុស្សចូលទៅក្នុងប៉ូឡូញ។ សហភាពអឺរ៉ុបបានស្តីបន្ទោសដល់ប្រទេសបេឡារុស្សចំពោះការបញ្ជូនជនចំណាកស្រុកទៅកាន់ព្រំដែនដែលជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ យ៉ាងណាមិញ ទីក្រុង Minsk បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយនិយាយថា ខ្លួនកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះ៕ (ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល