រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សាការពារ កេរដំណែលសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ រួមគ្នាបន្តថែរក្សាការពារលើកកម្ពស់កេរដំ ណែលសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ របស់បុព្វបុរសយើងឱ្យបាននូវគង់វង្ស។

ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានធ្វើឡើង ក្នុងពិធីប្រកាសបិទការជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ទឹក នៃទីលានព្រះពន្លា ជ័យ ប្រាសាទបារាយណ៍មេបុណ្យ នៅភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននិមន្តព្រះសង្ឃ ២៥០អង្គបិណ្ឌបាត្រផងដែរ កាលពីថ្ងៃ១៣រោច ខែកត្តិក ឆ្នាំឆ្លូ វត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងឱកាសនោះលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងគោរពកោតសរសើរ អំណរគុណដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ដែលបាននិងបន្តខិតខំអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងខេត្ត ហើយបានចំណាយកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជួសជួល និងអភិវឌ្ឍន៍សម្បត្តិទាំងនោះ បានយ៉ាងគត់មត់ សមស្របតាមបទដ្ឋាន និងមានប្រសិទ្ធភាព ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ពីឆ្នាំ២០០៩មក ប្រាសាទ បន្ទាយឆ្មារ ទទួលបានការអភិរក្ស ដោយថវិកាជាតិ ថវិកាមូលនិធិអង្គរ និងថវិកាដៃគូជាតិ សប្បុរសជន និងអន្តរជាតិ។ ចាប់ពីឆ្នាំ២០១៧មក ទទួលបានថវិកាពីដៃគូជាតិ គឺលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងសប្បុរសជននានា។ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ មិនត្រឹមតែបានចូលរួមចំណែកលើកកម្ពស់ កេរដំណែលសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និភ្ញៀវទេសចរបរទេសផងដែរ ចូលមកទស្សនានៅតំបន់នេះកាន់តែច្រើនថែមទៀត។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា សក្តានុពលបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងខេត្តបន្ទាយមានជ័យ មានប្រាសាទ ៣២កន្លែង ទួលប្រាសាទ ៤៥២កន្លែង ទួលបុរាណ ១១៧កន្លែង ទួលកប់សពបុរាណ ៩៨កន្លែង ស្ថានីយ៍កំណាយ ផ្លូវការ ៣កន្លែង ស្ពានបុរាណ ១០កន្លែង ផ្លូវបុរាណ៦ខ្សែ ស្រះបុរាណ ១២៣កន្លែង និង បារាយណ៍ ១៥កន្លែង។ សក្តានុពលទាំងនេះបាននិងកំពុងអភិរក្ស យ៉ាងយកចិត្តទុកដាក់ ពីមន្ត្រីជំនាញ មន្ទីរវប្បធម៌ អង្គការពាក់ព័ន្ធ និងអាជ្ញាធរដែនដី ។

ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងទៀតថា បន្ថែមលើនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ រួមជាមួយមន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអភិរក្ស និងជួសជុល តំបន់ប្រាសាទបន្ទាយឆ្មារ ដូចជា រោងទងប្រាសាទបន្ទាយឆ្មារ ប៉ែកខាងលិច ធ្វើផ្លូវស្ពានដើរ ក្នុងប្រាសាទបន្ទាយឆ្មារ ធ្វើកំណាយផ្លូវទឹកបុរាណ ក្នុងតំបន់ប្រាសាទបន្ទាយឆ្មារ ធ្វើស្ពានឈើ ទៅប្រាសាទបារាយណ៍មេបុណ្យ ដែលវែងជាងគេក្នុងប្រទេស។ ធ្វើកំណាយជួសជុលកំពង់ទឹកបារាយណ៍មេបុណ្យ ដែលចំណាយថវិកាសរុប ចំនួន ៨៦៧ ១៧៣ដុល្លារអាម៉េរិក រួមនឹងមានសមិទ្ធផលជាច្រើនទៀត នៅក្នុងខេត្តបន្ទាយមានជ័យនោះ ៕ដោយឈុន សារ៉ាត សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង