អាជ្ញាធរខេត្តកំពង់ធំ ចុះពង្រឹងបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីតំបន់៣ក្នុងបឹងទន្លេសាប

(កំពង់ធំ)÷ នៅរសៀលទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះដោយអនុវត្តតាម បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជំនាញ កងកម្លាំង ប្រដាប់ អាវុធ ទាំង ៣ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចូលរួមចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់៣ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប ស្ថិតនៅតំបន់គោកព្រះ និងសសរមួយ សង្កាត់ស្រយ៉ូវត្បូង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យបន្ថែមទៀត និងណែនាំបន្តដល់បងប្អូនប្រជាកសិករដែលអាស្រ័យផលលើដីតំបន់៣ ដើម្បីជួយដោះស្រាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ បានដាក់ ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅ តំបន់ បឹងទន្លេសាប។

ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចអាជ្ញាធរមូលដ្ឋានត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅតំបន់៣នេះ សូមខិតខំជួយការពារឲ្យបានគង់វង្ស។ ក្នុងនោះផងដែរប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេក្រុមការងារនឹងចុះទៅដល់គោលដៅដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ ពិសេសអ្នកអាស្រ័យផលនៅលើដីតំបន់៣ នេះត្រូវតែផ្សព្វផ្សាយបន្ថែមដើម្បីកុំឲ្យទន្ទ្រានដីបន្ថែមទៀត ប្រញាប់ចាកចេញពីកន្លែងដីតំបន់៣នេះជាបន្ទាន់ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

អត្ថបទដែលជាប់ទាក់ទង