កូរ៉េខាងត្បូងបញ្ជាក់អំពីករណីទីមួយនៃការឆ្លងវីរុសទម្រង់អូមីក្រុង
ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់អំពីករណីដំបូងនៃការឆ្លងវីរុសទម្រង់អូមីក្រុង (Omicron) កាលពីថ្ងៃពុធ ដោយបាននិយាយបន្ថែមនូវការព្រួយបារម្ភចំពោះវីរុសទម្រង់ថ្មីនេះដែលអាចធ្វើឱ្យជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរ ខណៈដែលប្រទេសនេះកំពុងជួបប្រទះនឹងការកើនឡើងនៃករណីឆ្លង និងចំនួនអ្នកជំងឺធ្ងន់ធ្ងរ។
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា ប្តីប្រពន្ធមួយគូដែលមានអាយុខ្ទង់ ៤០ឆ្នាំ ដែលរស់នៅក្នុងទីក្រុង Incheon នៅភាគខាងលិចទីក្រុងសេអ៊ូល និងមិត្តរបស់ពួកគេបានធ្វើតេស្តវិជ្ជមានចំពោះប្រភេទវីរុសទម្រង់អូមីក្រុង។
មន្ត្រីសុខាភិបាលបានធ្វើតេស្ដទៅលើមនុស្ស ៤នាក់ រួមទាំងកូនប្រុសរបស់ប្តីប្រពន្ធនោះផងដែរ បន្ទាប់ពីបានរកឃើញថាពួកគេទាំងពីរនាក់បានឆ្លងជំងឺកូវីដ-១៩ ដែលអាចជាករណីវីរុសទម្រង់អូមីក្រុង។
ការធ្វើតេស្តត្រូវបានធ្វើឡើងទៅលើមនុស្សបីនាក់ផ្សេងទៀតដែលសង្ស័យថាបានឆ្លងវីរុសទម្រង់អូមីក្រុង ហើយលទ្ធផលតេស្តរបស់ពួកគេនឹងត្រូវបានបង្ហាញនៅថ្ងៃសៅរ៍។ នេះបើយោងតាម KDCA ។
ប្តីប្រពន្ធមួយគូដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសនេះ បានទៅលេងប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ហើយបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ មិត្តភ័ក្តិរបស់ពួកគេ និងកូនប្រុសបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអង្គារសប្តាហ៍នេះ៕ (ប្រភព Yonhab