កម្ពុជា-ឥណ្ឌូនេស៊ី ចង់បើកជើងហោះហើរត្រង់ឡើងវិញ ក្រោយស្ថានភាពកូវីដ១៩ ធូរស្រាល ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2021 131 រដ្ឋាភិបាលកម្ពុជា-ឥណ្ឌូនេស៊ី បានបង្ហា ញអំពីបំណងរួមគ្នា ក្នុងការបើកដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីស្ថានភាពរីករាលដាលជំងឺកូវីដ១៩ បានធូរស្រាល។ ការបង្ហាញឆន្ទៈក្នុងការបើកដំណើរការជើងហោះហើរត្រង់នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលមកបំពេញទស្សន កិច្ចនៅកម្ពុជា ចូលជួបសំដែងការគួរសម នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ នៅវិមានសន្តិភាព។ នៅក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន ចង់ឃើញមានការបើកជើងហោះហើរឡើងវិញរវាងប្រទេសទាំងពីរ ដោយសារតែ ស្ថានភាពកូវីដ១៩ ពេលនេះមានលក្ខណៈល្អប្រសើរវិញហើយ ដូច្នេះការបើកឡើងវិញដោយការតភ្ជាប់ជើងយន្តហោះនេះជារឿងមួយដ៏សំខាន់។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានសំដែងភាពរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេសការតភ្ជាប់ជើងយន្តហោះរវាងប្រទេសកម្ពុជា ដែលលោកជំទាវ បានចាត់ទុកថា ជារឿងសំខាន់។ លោកជំទាវចាត់ទុកថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជា ដែលមាន៨៨ភាគរយ គឺជាអត្រាខ្ពស់។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែកជាបណ្តើរៗ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ បន្ទាប់ពីអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវជំងឺ រាតត្បាត កូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ។ ចំពោះវត្តមាន លោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី នៅកម្ពុជានេះ ដើម្បីពិភា ក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើទិដ្ឋភាពមួយចំនួន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានា របស់កម្ពុជា ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។ ជាងនេះទៀតវត្តមាន របស់ លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិ បត្តិការ ដ៏ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជាតិទាំងពីរ និងពិភពលោក៕ 131 ចែករំលែក