សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញអនាម័យ ទឹកស្អាតនិងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្នដល់ប្រធានក្រុមនិងអ្នកស្ម័គ្រចិត្ត

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅអគារសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះវិហារ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញអនាម័យទឹកស្អាតនិងការលើកកម្ពស់អនាម័យ ក្នុងគ្រាអាសន្នដល់ប្រធានក្រុម និងអ្នកស្ម័គ្រចិត្តក្រោមអធិបតីភាពឯកឧត្តម យ៉ុង គឹមហ៊ាន នាយកប្រតិបត្តិសាខា និងជាអភិបាលរងខេត្តខេត្តព្រះវិហារដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១២នាក់ក្នុងនោះស្រីចំនួន ៣នាក់បានអញ្ជើញមកពីបណ្ដាក្រុងស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ ។ មានមតិសំណេះសំណាលបើកវគ្គបណ្តុះបណ្តាលនាឱកាសនោះឯកឧត្តម យ៉ុង គឹមហ៊ាន បានឲ្យដឹងថាថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារដោយបានសហការជាមួយគម្រោង អនាម័យទឹកស្អាតក្នុងគ្រាអាសន្នរបស់ការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃនាយកដ្ឋានសុខ ភាពទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមការឧបត្ថម្ភរបស់កាកបាទក្រហមជប៉ុន តាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម បានបើកវគ្គបំប៉នស្ដីពីជំនាញអនាម័យទឹកស្អាតនិងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្នជូនដល់មន្ត្រីអនុសាខា និងប្រធានក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមភូមិ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីនិងប្រធានក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយនិងត្រៀមលក្ខណៈជាស្រេច ក្នុងការផ្ដល់សេវាកម្មផ្នែកអនាម័យទឹកស្អាតក្នុងគ្រាអាសន្នបានទាន់ពេលវេលា ។ ហើយការរៀននៅក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺពិតជាមានសារះសំខាន់ខ្លាំងណាស់ក្នុងនាមបងប្អូនសិក្ខាកាមគឺជាមន្ត្រីអនុសាខា និងប្រធានក្រុមអ្នកស្ម័គ្រចិត្តភូមិ ដែលរស់នៅផ្ទាល់ជាមួយ បងប្អូនប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រមូលយក ចំណេះដឹងអំពីវគ្គបណ្តុះនាថ្ងៃនេះ ដើម្បីទៅអនុវត្តអោយចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព ខ្ពស់ ។ និងបន្តធ្វើការផ្សព្វផ្សាយពន្យល់ដល់បងប្អូនប្រជា ពលរដ្ឋឲ្យបានយល់កាន់តែច្បាស់អំពីរបៀបរស់នៅក្នុងបរិបទថ្មីជំងឺកូវីដ១៩ ។ បន្ទាប់មកលោក ឈឺន តុលា មន្ត្រីទទួលបន្ទុកគម្រោងប្រចាំសាខាខេត្តព្រះវិហារ បានធ្វើការ បង្រៀននឹងពន្យល់ណែនាំទៅដល់សិក្ខាកាមទាំងអស់ ទៅតាមគម្រោងនិងមេរៀនដែលបានគ្រោង ទុក ។ សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលថ្ងៃនេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

 

អត្ថបទដែលជាប់ទាក់ទង