ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីផ្តល់ជំនួយការរៀបចំសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 24 ខែ វិច្ឆិកា ឆ្នាំ 2021 126 ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានផ្តល់ជំនួយផ្នែកការអប់រំអូឡាំពិក«សារមន្ទីរអូឡាំពិក» ដែលនឹងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនេះជាប្រយោជន៍ ដ៏ធំមួយ នៅក្នុងចំណោមផលប្រយោជន៍ធំៗចំនួន៣ នៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអមដំណើរឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាស៍ថា នៅក្នុងបេសកកម្មអន្តរជាតិនេះ គឺទី១ កម្ពុជាបានចូលរួមមហាសន្និបាតក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី ក្នុងនាមជាសមាជិកពេញសិទ្ធិ។ ទី២ គឺកម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួត កីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥ នាឆ្នាំ២០២៩។ ទី៣ គឺកម្ពុជាទទួលបានជំនួយមួយចំនួនលើផ្នែកអប់រំស្មារតី អូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានសម្រេចផ្តល់ជំនួយកសាងសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតេកតេជោ ដែល ជាមជ្ឈមណ្ឌលអូឡាំពិកដ៏ធំមួយផ្ទុកនូវឯកសារប្រវត្តិនៃចលនាអូឡាំពិកជាតិរបស់យើង ហើយក៏ជាកន្លែងប្រមូលតាំងបង្ហាញសម្រាប់ការ ស្រាវជ្រាវនូវឯកសារកីឡាធំៗនិងអ្នកល្បីល្បាញនៅលើពិភពលោកផងដែរ។ នេះគឺជាលទ្ធផលធំៗចំនួន៣ ដែលកម្ពុជាទទួលបានពី អង្គមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ ប្រចាំឆ្នាំ២០២១។ ឯកឧត្តមបញ្ជាក់ថា នេះជាបេសកកម្មជោគជ័យដ៏ត្រចេះត្រចង់ និងជាមហាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យដ៏ ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យគណៈប្រតិភូកីឡាកម្ពុជា ចូលរួមក្នុងបេសកកម្ម នាពេលនេះទទួលបានលទ្ធផលជោគជ័យប្រកបដោយមោទនភាពបំផុត។ សូមរំឭកថា នៅក្នុងពិធីចុះហត្ថលេខាទទួលសិទ្ធិម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នេះ គឺឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ឃួង ស្រេង ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់-ទទួលសិទ្ធិជាផ្លូវការរួមគ្នាជាមួយប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយទទួលបានការការគាំទ្រ អបអរសាទរពី៤៥ប្រទេសនៃទ្វីបអាស៊ី៕ 126 ចែករំលែក