អភិបាលខេត្តកំពត៖ មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តចរិតពីអ្នកគ្រប់គ្រងសេវា មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានណែនាំដល់មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តចរិតពីអ្នកគ្រប់គ្រងសេវា មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ដោយផ្តោតសំខាន់ទៅលើគោលការណ៍៥ចំណុចដែលជាគ្រឹះក្នុងការផ្តល់សេវា គឺសាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លាភាព។ ការណែនាំរបស់ឯកឧត្ដមអភិបាលខេត្ដនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅតាមការិយាល័យច្រកចេញ-ចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តកំពត។
ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តកិច្ចការនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងនាមអ្នកផ្តល់សេវាត្រូវអនុវត្តនូវគោលការណ៍មួយចំនួន ក្នុងនោះ រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីរបស់ខ្លួន ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ និងត្រូវពង្រឹងរបៀបរបបបំពេញការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីផ្តល់សេវាឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីថាប្រជាពលរដ្ឋអាចទទួលបានសេវាប្រកបដោយគុណភាព តម្លាភាព និងគ្មានការរើសអើង។
ជាមួយគ្នានេះ ថ្វិត្បិតតែការផ្ដល់សេវាទាំងនោះត្រូវបានអនុវត្តន៍នៅការិយាល័យច្រកចេញ-ចូលតែមួយក៏ពិតមែន ប៉ុន្តែការផ្តល់យោបល់ជំនាញបច្ចេកទេសនៅតែជាកិច្ចការស្នូលរបស់ការិយាល័យជំនាញនីមួយៗដដែល។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា មានន័យថាការិយាល័យជំនាញចំណុះរដ្ឋបាលក្រុង ស្រុកត្រូវអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវតាមបែបបទ នីតិវិធីនានាដែលកំណត់ដោយក្រសួង ស្ថាប័នរបស់ខ្លួន។ លើសពីនេះទៀត មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការផ្តល់សេវារដ្ឋបាលតាមវិស័យរបស់ខ្លួន ឱ្យបានលឿនស្របតាមក្របខ័ណ្ឌពេលវេលា និងគោលការណ៍ដែលបានកំណត់ ធ្វើយ៉ាងឱ្យការអនុវត្តនូវកំណែទម្រង់នេះមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ស្របតាមការរំពឹងទុក។
ឯកឧត្ដមអភិបាលខេត្ដបន្ដថា ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដមនឹងបន្តជជែកពិភាក្សា និងជំរុញឱ្យមន្ទីរជំនាញទាំងអស់ផ្ទេរការផ្ដល់សេវាដែលរាជរដ្ឋាភិបាលបានប្រគល់ជូនរដ្ឋបាលក្រុង ស្រុក ផ្ដល់ការគាំទ្រលើការបណ្ដុះបណ្ដាលអភិវឌ្ឍន៍សមត្ថភាពជាប្រចាំដល់បុគ្គលិកបម្រើការងារនៅក្នុងការិយាល័យច្រកចេញ-ចូលតែមួយ និងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាថារដ្ឋបាលក្រុង ស្រុកផ្ដល់សេវាតាមគោលការណ៍ និងនីតិវិធីជាធរមាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ផ្អែកតាមការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទំនាក់ទំនងការងារ និងការគ្រប់គ្រងរដ្ឋបាលដែលមានលក្ខណៈខ្សែទទឹង និងខ្សែបណ្តោយត្រូវបានបញ្ចប់។ ឯកឧត្ដមបានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចធ្វើការកែសម្រួលទៅជារចនាសម្ព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍រដ្ឋបាលឯកភាពពេញលេញ ដោយបានផ្ដល់សិទ្ធិអំណាចបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការសម្របសម្រួល និងអន្តរាគមន៍លើកិច្ចការនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ឯកឧត្ដមអគ្គនាយកបានបន្ថែមថា ដើម្បីអនុវត្តន៍តាមស្មារតីនៃអនុក្រឹត្យនេះ ទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធឡើងវិញ ដែលក្នុងនោះក៏មានលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញ-ចូលតែមួយផងដែរ។
ឯកឧត្ដមបានបន្ដទៀតថា ការរៀបចំការិយាល័យច្រកចេញ-ចូលតែមួយក្នុងបរិបទថ្មីនេះបានធ្វើឡើងស្របគ្នាទៅនឹងស្ថានភាពកំណែទម្រង់មុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានផ្សាភ្ជាប់ទៅនឹងចក្ខុវិស័យរបស់កម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលមានគោលបំណងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងការរៀបចំរដ្ឋបាលអេឡិចត្រូនិកផងដែរ។
ឯកឧត្តម ប្រាក់ សំអឿន ក៏បានស្នើដល់សិក្ខាកាមដែលកំពុងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Video Conference (ZOOM Meeting) បន្ដយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញ ចូលរួមចែករំលែកបទពិសោធន៍ និងចោទសួរជាសំណួរនានាពាក់ព័ន្ធនឹងការធ្វើបទបង្ហាញឱ្យបានផុលផុស ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្តនៅតាមអង្គភាពរបស់ខ្លួន៕ដោយ រិទ្ធី ប្រភព៖ រដ្ឋបាលខេត្ដកំពត