រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងឯកឧត្តម ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា នៅថ្ងៃទី២៥ វិច្ឆិកា

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតជ្រើសតំាងឯកឧត្តម ជាម យៀប ធ្វើជាអនុប្រធានទី១រដ្ឋសភា ជំនួសឯកឧត្តម ងួន ញ៉ិល ដែលទទួលមរណភាព ។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តរបៀបវារៈមួយចំនួន នៅក្នុងអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ដោយមានរបៀបវារៈចំនួន៦ មានដូចជា៖ ១- សម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម អ៊ុន ប៊ុនហាន ជាតំណាង រាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។

២- បោះឆ្នោតជ្រើសតំាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។ ៣- បោះឆ្នោតជ្រើសតំាងឯកឧត្តម ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង ឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ។

៤- ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ៥- ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ៦- ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង