ប្រជាពលរដ្ឋ ចំនួន៧៤០គ្រួសារ នៅស្រុកកូនមុំ ដែលរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះបំផុត ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

(ខេត្តរតនគិរី)៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោកជំទាវ ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន៧៤០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះបំផុតនៅស្រុកកូនមុំ។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនក្នុងខេត្តរតនគិរីទាំងអស់ ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមវេជ្ជៈបណ្ឌិតបានពាំនាំនូវសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់បងប្អូនទាំងអស់ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺហើយនៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផលដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ជាពិសេសសូមបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្របតាមពាក្យស្លោក “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដោយអនុវត្តតាមវិធាន ៣ការពារ ៣កុំ ប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច និងរស់នៅតាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩។

អំណោយមនុស្សធម៌ចែកជូននាពេលនេះក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប និងប័ណ្ណប្រកាសអំពីជំងឺកូវីដ-១៩ ចំនួន ២សន្លឹក។

សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋចំនួន៣ស្រុករបស់ខេត្តរតនគិរីដែលទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមករួមមានស្រុកលំផាត់ចំនួន ២៥៤គ្រួសារស្រុកតាវែង ចំនួន៣៧៣គ្រួសារនិងស្រុកកូនមុំចំនួន ៧៤០គ្រួសារ សរុបទាំង៣ស្រុកចំនួន ១,៣៦៧គ្រួសារបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង