ពិតជាខ្លាំងមែន!! បងប្អូនបង្កើត២នាក់ ព្រួតគ្នាវាយមេប៉ុស្តិ៍ព្រែកដាច់ បែកក្បាលដេរជាង១០ថ្នេរ

កណ្តាល៖បងប្អូនបង្កើត២នាក់ បានព្រួតគ្នាវាយមេប៉ុស្តិ៍ព្រែកដាច់ បែកក្បាលដេរជាង១០ថ្នេរ និង ប៉ូលិសប៉ុស្តិ៍ម្នាក់ទៀតអោយរងរបួសផងដែរ ។ ក្រោយប្រព្រឹត្តបទល្មើស រួច សមត្ថកិច្ចបានឃាត់ខ្លួនជនទំនើងទាំង២នាក់ នេះ ដើម្បីអនុវត្តតាមច្បាប់ ។

ហេតុការណ៍នៃអំពើហិង្សានេះ កើតឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចលើស្ពានព្រែកតំបាញ ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។

របាយការណ៍ពីសមត្ថកិច្ច ដែល TNM  ទើបទទួលបាន បង្ហាញថា ជនរងគ្រោះ២នាក់ គឺ លោក ភន ភឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ និង លោក ឈិន តុលា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ។

ចំណែកជនសង្ស័យមានគ្នា២នាក់ គឺ ឈ្មោះ លី រ៉ាវ៉ាន ភេទប្រុស អាយុ២២ ឆ្នាំ និង ឈ្មោះ លី រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ ។

ដំណើររឿងនេះ គឺ ជនរងគ្រោះទាំង២នាក់ បានទៅហូបបាយនៅអាហារដ្ឋានខាងជើងព្រែកតំបាញ ។ ពេលកំពុងហូបបាយ ក៏មានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទថា មានក្មេងៗមួយក្រុមឈរលើស្ពានឡូឡានិងមានកាយវិកាមិនសមរម្យ ។

ភ្លាមនោះជនរងគ្រោះ បានជិះម៉ូតូ ទៅមើល ។ លុះដល់ចំណុចលើស្ពានក៏បានឈប់ហើយប្រាប់ទៅក្រុមក្មេងៗនោះអោយទៅផ្ទះកុំប្រលែងគ្នាលើស្ពានក្រែងមានគ្រោះថ្នាក់ ហើយឈ្មោះ លី រ៉ាវ៉ាន បានស្រែកគំហ៊កមកលើជនរងគ្រោះ ។ ពេលនោះជនរងគ្រោះបានយកដំបងឆក់ចង្អុលអោយជនសង្ស័យដើរទៅផ្ទះ ។

ពេលនោះ ឈ្មោះ លី រ៉ាវ៉ាន ក៏បានដើរទៅប្រាប់ ឈ្មោះ លី រ៉ាវុធ ដែលត្រូវជាបងប្រុសបង្តើត ថាមានគេរកវាយខ្លួន ។ ពេលនោះ ឈ្មោះលី រ៉ាវុធ បានដើរទៅហើយក៏បាននិយាយថាអ្នកណារកវាយប្អូនអញ ហើយក៏បានស្ទុះមកដណ្តើមដំបងឆក់ហើយបានវាយសំពងទៅលើក្បាលជនរងគ្រោះបណ្តាលអោយបែកក្បាល២កន្លែងដេរចំនួន១៥ថ្នេរ ។

ចំណែកជនសង្ស័យជាប្អូនបានស្ទុះមកវាយទៅលើឈ្មោះឈិន តុលា ត្រូវចំករនិងទ្រូង ។ ក្រោយពីត្រូវរបួស ជនរងគ្រោះបានរាយការណ៍មកអធិការ ។ ភ្លាមនោះលោកអធិការ បានបញ្ជាមកផ្នែកជំនាញនគបាលយុត្តិធម៌អោយដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យទាំង២នាក់និងបញ្ជូនមកកាន់អធិការដ្ឋាន ធ្វើការសាកសួរ ។

ឈ្មោះ លី រ៉ាវ៉ាន និង ឈ្មោះ លី រ៉ាវុធ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពិតប្រាកដមែន ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង