កម្ពុជាបង្ហាញជំហរចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៤ចំណុចទៅកាន់វេទិកាសហប្រជាជាតិ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 11 ខែ វិច្ឆិកា ឆ្នាំ 2021 133 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយ ការប្រែប្រួលអាកាសធាតុ បើទោះបីជាប្រទេសស្ថិតក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ។ ថ្លែងទៅក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្ត ក្នុ្ងងការដោះស្រាយការប្រែប្រួល អាកាសធាតុ គឺតាមរយៈ ទី១. បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង៤០០មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥ភាគរយ នៃប្រភពថាមពលរបស់ប្រទេសកម្ពុជា, ទី២. មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី, ទី៣. មិនសាងសង់ទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គ, និងទី៤. កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័ន ពីព្រៃឈើត្រឹមឆ្នាំ២០៤០។ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃកម្ពុជារូបនេះ បន្តថា កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយ អព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច មានភាពធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍន៍តាមបែបបរិយាប័ន្ន ខណៈបានដាក់ជូននូវរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់កម្ពុជាដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួអាកាសធាតុ ហៅកាត់ថា Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២ភាគរយ ត្រឹមឆ្នំា២០៣០។ ទោះជាបែបនេះក្តី ឯកឧត្តមបានគូសបញ្ជាក់ថា ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ជាពិសេស សម្រាប់ផ្នែកការបន្ស៊ាំ ដែលនៅតែមានការលំបាកក្នុងការទទួលបាន សម្រាប់ប្រទេសដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់បង្កើនការរួមចំណែករបស់គេ ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀតក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់៕ 133 ចែករំលែក