សត្វរញីភ្លើងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 11 ខែ វិច្ឆិកា ឆ្នាំ 2021 114 MC : សត្វរញីភ្លើងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះលើពិភពលោក ដែលត្រូវការ ជួយសង្គ្រោះ ពីព្រោះវាគឺជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃរបស់យើងគ្រប់គ្នា ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រញីភ្លើងស្ថិតក្នុងក្រុមប្រភេទសត្វកម្រ និងស្ថិតក្នុង បញ្ជីឧបសម្ព័ន្ធ នៃអនុញ្ញាសាយតេស ហើយក៏ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការIUCNជាប្រភេទសត្វងាយរងគ្រោះលើពិភពលោក ។ ប្រភេទសត្វនេះរងគ្រោះដោយការបរបាញ់ ការដាក់អន្ទាក់ និងការធ្វើអាជីវកម្មផ្សេងៗ។ សត្វរញីភ្លើងនេះ ក៏រងគ្រោះដូចសត្វរញីប្រផេះដែរ ដោយសារតែពលរដ្ឋខ្លះមានជំនឿ តៗគ្នាថាសត្វរញីអាចផ្សំជាថ្នាំដើម្បីព្យាបាលជំងឺបាន ។ ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ គេមិនមានទិន្នន័យច្បាស់លាស់នៃចំនួនសត្វរញីភ្លើងនៅលើពិភពលោកទេ ។ ចំណែកនៅក្នុងប្រទេសកម្ពុជា ក៏មិនមានទិន្នន័យដែរ តែតាមការសិក្សា ចំនួនសត្វរញីភ្លើងនេះ ក៏ដូចជារញីប្រផេះដែរ គឺមានចំនួនថយចុះនៅលើពិភពលោក ។ ឯកឧត្តមបានបន្ថែមថា សត្វរញីភ្លើងជាសត្វរាត្រីចរ រកស៊ីពេលយប់ និងដេកនៅពេលថ្ងៃតាមមែកឈើ វាស៊ីសត្វល្អិត សត្វស្លាប និង ផ្លែឈើជាអាហារ ។ រញីចូលចិត្តរស់នៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងចម្ការ ហើយជាសត្វចូលចិត្តរស់នៅតែឯកឯង ។ សត្វរញីអាចបង្កើតកូនម្តងបានពីរ ហើយកូនរបស់វារស់នៅជាមួយមេពី៦ ទៅ ៩ខែ ។ រញីភ្លើងនេះ មានរោមពណ៌ក្រហមត្នោតភ្លឺ និងមានលាយពណ៌ប្រាក់ពាសពេញលើខ្នង មានឆ្នូតត្នោតចាស់នៅលើខ្នង ហើយឆ្នូតនេះកើតមាន និងបាត់ទៅវិញទៅតាមរដូវកាល ។ សូមបញ្ជាក់ថា រញីភ្លើងត្រូវបានគេរកឃើញវត្តមាននៅក្នុងភាគខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងនៅតំបន់អាស៊ីអាគ្នេយ៍ កោះស៊ូមាត្រា និងប័រណេអូជាដើម ៕ 114 ចែករំលែក