មេបញ្ជាការរងកងទ័ពជើងគោក សំណេះសំណាល និងបំពាក់ស័ក្ដិដល់យោធិនចូលនិវត្ដន៍ចំនួន ១៤៦នាក់ នៅយោធភូមិភាគទី៤ !
សៀមរាប៖ នាយទាហាន នាយទាហានរង ចំនួន ១៤៦នាក់ ដែលចំណុះឱ្យទីបញ្ជាការយោធភូមិភាគទី៤ ដែលចូលនិវត្ដន៍នៅឆ្នាំ២០២១នេះ ត្រូវបានបំពាក់ឋានន្ដរស័ក្ដិជួនពួកគាត់ ចាប់ពីថ្នាក់ឧត្ដមសេនីយ៍ត្រី ដល់នាយចំណង់ ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ ដែលបានលះបង់បំពេញភារ:កិច្ចជូនជាតិមាតុភូមិ បានល្អប្រសើរនាពេលកន្លងមក។ ពិធីនេះធ្វើឡើង នៅទីបញ្ជាការយោធភូមិភាគទី៤ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប នាថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២១នេះ ក្រោមអធិបតីយភាពឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤។
លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មានប្រសាសន៍ថា យុទ្ធជនដែលត្រូវចូលនិវត្តចំនួន ១៤៦នាក់ នៅពេលនេះ គឺជាអ្នកដែលបានចូលរួមធ្វើពលីកម្ម ដ៏ធំធេងក្នុងការរំដោះប្រទេសជាតិ ដែលបានផ្តួលរំលំ និងទប់ស្កាត់ ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជន៍ សាសន៍ ប៉ុល ពត និងបានចូលរួមយ៉ាងសកម្មក្នុងចលនា បង្រួបបង្រួមជាតិ តាមរយ:នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិ។ ជាមួយគ្នានោះ ការបំពាក់ឋានន្តរសក្តិជូនយោធិនចូលនិវត្តន៍នាពេលនេះ គឺជាការ បំពាក់ឋានន្តរសក្តិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ គិតគូរដល់បងប្អូនយោធិនចូលនិវត្តន៍ទាំងអស់ ដែលត្រូវបានតម្លើងឋានន្តរសក្តិដោយឈរលើគោលការណ៍ រួមមាន ផ្តល់កិត្តិយសលើកទឹកចិត្ត តបស្នងសងគុណ នូវគុណណូបការ: ចំពោះការលះបង់ដ៏ធំធេង មកលើមាតុភូមិ និងប្រជាជន និងដើម្បីលើកស្ទួយជីវភាពបងប្អូនឲ្យកាន់តែប្រសើរ ពេលវិលត្រឡប់ទៅរួមរស់នៅក្នុងជីវភាពស៊ីវិលវិញ។ លោកឧត្ដមសេនីយ៍បន្ថែមថា នៅឆ្នាំ២០២២ខាងមុខនេះ យោធិនចំនួនជាង ១០០នាក់ទៀត ដែលចំណុះឱ្យយោធភូមិភាគទី៤នេះ នឹងត្រូវចូលនិវត្ដន៍បន្ថែមទៀតផងដែរ។
លោកឧត្ដមសេនីយ៍ បានលើកឡើងទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ យោធិនយើងគ្រប់ពេលវេលា តាមរយ:ការតម្លើងប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀត ទោះបីកំពុងបំពេញភារកិច្ច ពេលចូលនិវត្តន៍ ឬក្រោយពេលចូលនិវត្តន៍ ហើយក៏មិនអាច បំភ្លេចបានឡើយចំពោះ បងប្អូនយោធិនចូលនិវត្តន៍ ដែលបានរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ដោយបានចាត់ទុកជាតំរូវភាពមួយ សម្រាប់ប្រជាជនកម្ពុជា និងកងយោធពលខេមរភូមិន្ទ ចាំទុកមិនអាចបំភ្លេចបាន ។ នាឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ ក៏បាននាំយកថវិកាផ្ទាល់របស់ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកចំនួន ២៩លានរៀល និងថវិកាលោកឧត្ដមសេនីយ៍ ពៅ ហេង ចំនួន ៧លានរៀល ជូនដល់យោធិន ដែលចូលនិវត្ដន៍ផងដែរ។ ឯកឧត្ដម ក៏បានបញ្ជាក់ផងដែរថា ទោះបីពួកគាត់បានចូលនិវត្ដន៍ ហើយវិលទៅជួបជុំគ្រួសារវិញក្ដី ក៏ប៉ុន្ដែ ក្ដីស្រលាញ់ និងការរាប់អានគ្នា នៅតែមានក្នុងបេះដូង នៃកងកម្លាំងយោធាជាប់ជានិច្ច។ ឯកឧត្ដម ក៏បានផ្ដាំផ្ញើដល់យោធិនទំាងអស់ ត្រូវររៀនរស់តាមបែបគន្លងថ្មី ក្នុងការសម្របខ្លួន ជាមួយទៅនឹងជំងឺកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល