ចាប់ខ្លួនលោកអធិការរងស្រុកម្នាក់ បញ្ជូនទៅតុលាការ ជាប់ពាក់ព័ន្ធសំណុំរឿងឃាតកម្ម

ខេត្តបាត់ដំបង ៖ សំណុំរឿងរបស់មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពាក់ព័ន្ធករណី ឃាតកម្ម លើជនរងគ្រោះឈ្មោះ យ៉ង់ សារ៉ាក់ ហៅតាក់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃភ្ងាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ត្រូវបានជនសង្ស័យវាយសម្លាប់ រួចយកទៅគប់ចោល ក្នុងព្រៃមួយកន្លែង ស្ថិតនៅភូមិស្រែបា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយសពជនរងគ្រោះ ត្រូវបានពលរដ្ឋ ឃើញកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។

ពេលនេះ ឃាតករ ត្រូវបានលាតត្រដាងការពិតហើយ គឺ លោក ដាក សុខា មានមុខងារ ជាអធិការរង ស្រុកគាស់ក្រឡ ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រភព័ត៌មាន ពីមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានប្រើអំពើហឹង្សាក្នុងគ្រួសារ បន្ទាប់មកនគរបាលស្រុកគាស់ក្រឡ បានចុះទៅឃាត់ខ្លួនយកទៅអប់រំ នៅអធិការដ្នាននគរបាលស្រុកគាស់ក្រឡ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

នៅល្ងាចថ្ងៃដដែលនោះ ជនរងគ្រោះត្រូវបានលោក ប៉ាង ហៀង អធិការស្រុកខាងលើ អនុញ្ញាតអោយវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែលោកអធិការងរូបនោះដឹកជនរងគ្រោះទាំងដៃជាប់ខ្នោះ ជិះឡានម៉ាកព្រូស បើកបរដោយមន្ត្រីក្រោមឱវាទម្នាក់ ឈ្មោះ ផាន់ នី ពេលធ្វើដំណើរជិតដល់ផ្ទះ លោកអធិការរង បញ្ជាអោយកូនចៅដឹកយកទៅក្នុងខេត្តបាត់ដំបង ឆ្ពោះទៅដល់ស្រុកថ្មគោល ទើបវិលត្រឡប់មកវិញ លុះទៅដល់ក្បែរវត្តមួយកន្លែង ជនសង្ស័យ ប្រាប់អោយកូនចៅបើកឡានទៅមុនចុះ។

រំលងបាន៣ថ្ងៃ ស្រាប់តែលិចលឺដំណឹងថា ជនរងគ្រោះត្រូវបានគេធ្វើឃាត បង្កអោយមានការភ្ញាក់ផ្អើលពេញភូមិស្រែបា ឃុំដូនបា ស្រុកគាស់ក្រឡតែម្តង។

បច្ចុប្បន្ន លោក ដាក សុខា ត្រូវបានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាអោយឃាត់ខ្លួនជាបណ្តោះអាសន្ន កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីស្រាវជ្រាវបន្តទៅតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង