រថយន្តដើរដោយថាមពលអគ្គិសនី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ទៅក្នុងបរិយាកាស

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា នៅសណ្ឋាគារ Raffles le Royal ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញចំណាប់អារម្មណ៍ថា រថយន្តដើរដោយ ថាមពលអគ្គិសនីដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងធ្វើឱ្យប៉ះពាល់ ដល់បរិស្ថាន ។ ក្នុងកិច្ចពិភាក្សានាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឯកឧត្តមបានធ្វើ ដំណើរតាមរថយន្តដើរដោយថាមពល អគ្គិសនី I-Pace electric Jaguar មកចូលរួមកិច្ចពិភាក្សា ជាបទពិសោធន៍ដ៏អស្ចារ្យមួយរបស់ឯកឧត្តម វាដូចជាការធ្វើដំណើរតាម រថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ ជារថយន្តអនាគត ទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបានដោយរលូននៅលើផ្លូវ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រថយន្តដើរដោយថាមពលអគ្គិសនី ដើរតួនាទីយ៉ាង សំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួម ក្នុងការជជែកពិភាក្សាអំពីរថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជាថា៖ រថយន្តប្រភេទនេះ មានលក់នៅកម្ពុជាសម្រាប់ជាមធ្យោបាយធ្វើដំណើរហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពល អគ្គិសនី(EVs) និងបានបន្ថែមថា យើងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់EVsនៅកម្ពុជា ក្នុងនោះរួមមាន ស្ថានីយ៍សាក អាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា​ EVs ដែលនាំចូលមក កម្ពុជាមានគុណភាពល្អ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន២០២២-២០៣១ ហើយសេចក្តីព្រាងគោលនយោបាយជាតិនេះ ត្រូវបានឯកភាពជាគោលការណ៍ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី បាន និងកំពុងផ្តល់គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលកកើត ឡើងវិញយ៉ាងសកម្ម ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា ដោយសហការជាមួយវិស័យឯកជន ហើយតាមការ សិក្សាបឋម បានបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាមានថាមពលពន្លឺព្រះអាទិត្យនិងខ្យល់យ៉ាងច្រើន ដែលជាប្រភពថាមពលកកើតឡើង វិញ ប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាពនៃការចំណាយផងដែរ។ ដោយឡែក លោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេស បានសម្តែងនូវមោទនភាពដែលលោកជំទាវ បានទទួលរថយន្តដែលដើរដោយ ថាមពលកកើតឡើងវិញ ធ្វើឱ្យមានការចាប់អារម្មណ៍ដល់បណ្ដាថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាសាធារណជនទូទៅ និងបានបញ្ជាក់ថា ការប្រើប្រាស់រថយន្តដើរដោយថាមពលកកើតឡើងវិញនេះ ជួយដល់ការកាត់បន្ថយនូវការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ជួយឱ្យ បរិស្ថានស្អាត បៃតង និងប្រកបដោយបច្ចេកវិទ្យាទំនើបផងដែរ ហើយប្រសិនបើយើងចង់ដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានា បាននូវស្ថិរភាពអាកាសធាតុសម្រាប់មនុស្សជំនាន់ក្រោយ យើងចាំបាច់ត្រូវដោះស្រាយការបំភាយឧស្ម័នកាបូនចេញពីការដឹកជញ្ជូន។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានសម្តែងសុទិដ្ឋិនិយមចំពោះការរួមសហការគ្នា រវាងការផ្គត់ផ្គង់អគ្គិសនីនិងបណ្តាញអគ្គិសនីនាពេលអនាគត។ឯកឧត្តមបានបន្ថែមថាជាមួយនឹងគោលនយោបាយវៃឆ្លាតនិងការប្ដេជ្ញាខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកម្ពុជាមាន ថាមពលកកើតឡើងវិញនៅក្នុងបណ្ដាញចែកចាយអគ្គិសនីកម្ពុជាចំនួន៩% និងក្នុងពេល ខាងមុខ នឹងឡើងដល់១០% ខណៈការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលកកើតឡើងវិញក្នុងកម្រិតពិភពលោក គិតជាមធ្យមមាន ប្រហែលពី៤% ទៅ ៥% ដូច្នេះយើងឋិតក្នុងស្ថានភាពល្អ។ គួរកត់សម្គាល់ផងដែរ រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាងរថយន្តប្រើសាំង និងអាចជួយ កាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងនានាដូចជា៖ ទីក្រុងភ្នំពេញជាដើម ដោយសាររថយន្តប្រភេទនេះ មិនប្រើសាំងក្នុងដំណើរការ របស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនី ត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង