កុមរា គង់ សីហា ទទួលបានសម្ភារសិក្សានិងថវិកាពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បន្ទាប់ពីបានឃើញរូបថតរបស់ក្មួយ គង់ សីហា កាលពីថ្ងៃទី០២ ខែវិច្ឆិកា តាមបណ្តាញសង្គមបង្ហាញពីការលំបាក និងភាពខ្វះខាត !

សៀមរាប៖ តាមរយ:រូបថត នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានចាត់ ឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន ជាតំណាងនាំយកអំណោយជាសម្ភារ:សិក្សា និងថវិកាមួយចំនួនប្រគល់ជូនក្រុមគ្រួសារក្មួយសីហា នៅសាលាបឋមសិក្សាជ័យ ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប។ សម្ភារទាំងនោះរួមមាន៖ សំលៀកបំពាក់សិក្សា ២កំប្លេរ, ស្បែកជើងគ្លុប ១គូ និងស្រោមជើង, កាតាបស្ពាយពីក្រោយ ១, សៀវភៅសរសេរ ១២ក្បាល, ដបដាក់ទឹកស្អាត ១, ក្តារឈ្នួនសរសេរជាមួយ ហ្វឺត ១ រួមទាំង ប៉ិច ខ្មៅដៃ ជ័រលុប ១ឈុត ថវិកាចនួន៦៥ម៉ឺនរៀល និងប្រគល់ជូននាយិកាសាលានូវខ្សែដាក់សម្រាប់កាតពាក់ក ១០០សម្រាប់ចែកសិស្ស និងឧបករណ៌តេសកូវិដរហ័ស ១ប្រអប់ស្មើនឹង២៥តេស្ត សម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ផងដែរ។ លោកស្រី សុខ ញ៉ា នាយិកាសាលាបឋមសិក្សាជ័យ មានប្រសាសន៍ថា៖ ក្មេងប្រុសតូចដែលត្រូវបានមហាជនចែករំលែករូបភាពតៗគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកនោះ មានឈ្មោះ គង់ សីហា អាយុ៧ឆ្នាំរស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងរៀនថ្នាក់ទី១ មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើខេត្តសៀមរាប។

ឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ នូវក្តីអាណិតអាសូរដល់កុមារតូចៗជាពិសេសកុមារដែលគ្រួសារមានជីវភាពខ្វះខាតតែតស៊ូក្នុងការសិក្សារៀនសូត្រ និងមិនបោះបង់ឬចុះចាញ់ការលំបាកទោះក្នុងកាល:ទេស:ណាក៏ដោយ។

ឯកឧត្តម ធឹម សំផូត មានប្រសាសន៍បន្តថា៖ សម្លៀកបំពាក់ និងសម្ភារសិក្សាព្រមទាំងថវិកាបន្តិចបន្តួចយកមកផ្តល់ជូននៅពេលនេះ បានមកពីប្រាក់បៀរវត្សរបស់សមាជិកក្រុមការងារមួយចំនួនរបស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រួមគ្នាម្នាក់បន្តិចៗទៅតាមលទ្ឋភាព ដើម្បីជួយសម្រាលការលំបាកដល់គ្រួសារនេះដែលកំពុងជួបភាពខ្វះខាតក្នុងជីវភាព។ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ និងក្រុមការងារ ដែលបានចំណាយធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភដល់គ្រួសារកុមរា សីហា ក្នុងគ្រាលំបាកនេះ និងបានអរគុណផងដែរ ដល់ សប្បុរសជនជិតឆ្ងាយជាច្រើនទៀតបាននាំថវិកា និងសម្ភារ:សិក្សាមកប្រគល់ជូនដល់គ្រួសារកុមារនេះជាបន្តបន្ទាប់ និងលោក បានចាត់ទុកការចូលរួមជាថវិកានិងសម្ភារ:ទោះតិចក្តីច្រើនក្តីថាជាការចូលរួមប្រកបដោយស្មារតីមនុស្សធម៌ ជួយទុក្ខធុរ: និងរំលែកការលំបាកដល់គ្នាទៅវិញទៅមកជាទំនៀមទម្លាប់នៃការជួយសង្គ្រោះគ្នារបស់ខ្មែរធ្លាប់មានតាំងពីដូនតាមក។ លោក ប្រធានមន្ទីរ បានជម្រុញលើកទឹកចិត្តដល់កុមារានេះឱ្យខិតខំសិក្សារៀនសូត្រស្តាប់ការពន្យល់ណែនាំរបស់លោកគ្រូ អ្នកគ្រូ គោរព និងស្តាប់តាមដំបូន្មានរបស់ឳពុកម្តាយ កុំដើរលេងឥតប្រយោជន៍ និងមិនត្រូវភ្លេចការសិក្សាជាដាច់ខាត។ លោក លីប៊ុនណា ក៏បានមានប្រសាសន៍ឱ្យឳពុក និងម្តាយនៃកុមរានេះ បន្តខិតខំប្រឹងប្រែងប្រកបកិច្ចការធ្វើស្រែចិញ្ចឹមសត្វឱ្យអស់ពីលទ្ឋភាព ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសាររីកលូតលាស់សម្រាប់ជាលំនឹងដល់ការសិក្សារបស់កូនៗនាពេលខាងមុខ។

បន្ទាប់មក ឯកឧត្តម ធឹម សំផូត បាននាំយកឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ពីក្រុមហ៊ុន T.S.P.R.S Development Co., LtD ចំនួន២៧៥ tests ប្រគល់ជូន គណ:គ្រប់គ្រងវិទ្យាល័យនគរធំស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំក្រុងខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់សាលានេះ។ ឯឧត្តម ធឹម សំផូត តំណាងឲ្យក្រុមហ៊ុន T.S.P.R.S បានបង្ហាញពីរបៀបប្រើប្រាស់ឧបករណ៍ រួមជាមួយក្រដាសណែនាំជូនដល់គណ:គ្រប់គ្រងសាលា ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពគួរឲ្យទុកចិត្តបាន។

ឯកឧត្តម បានបញ្ជាក់ថា៖ បើទោះជាមានឧបករណ៍តេស្តរហ័សនេះក្ដី ប្រការចម្បងត្រូវអនុត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ ដែលជាការចូលរួមជាចាំបាច់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូលផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង