អាស៊ានចង់លើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មជាមួយម៉ិកស៊ិកូ
គណៈកម្មាធិការអាស៊ាននៅទីក្រុងម៉ិកស៊ិកូ (ACMC) ដោយមានកិច្ចសហការជាមួយក្រុមប្រឹក្សាធុរកិច្ចម៉ិកស៊ិកូសម្រាប់ពាណិជ្ជកម្ម ការវិនិយោគបរទេស និងបច្ចេកវិទ្យា (COMCE) បានរៀបចំដំណើរទស្សនកិច្ចការងារមួយទៅកាន់រដ្ឋ Michoacan ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ក្នុងគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសនៅអាស៊ាន និងរដ្ឋនេះ។
គណៈប្រតិភូអាស៊ាន ដែលរួមមានតំណាងមកពីស្ថានទូតឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម បានជួបពិភាក្សាការងារជាមួយអភិបាលរដ្ឋ Michoacan លោក Alfredo Ramirez Bedolla និងបណ្តាមន្ត្រីមកពីទីក្រុងពីរ គឺទីក្រុង Morelia និងទីក្រុង Patzcuaro ។
លោកអភិបាល Bedolla និងមន្ត្រីមូលដ្ឋានបានវាយតម្លៃខ្ពស់ចំពោះលទ្ធភាពនៃការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ាន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម និងការអភិវឌ្ឍកំពង់ផែសមុទ្រ ដោយនឹងជួយដល់រដ្ឋ Michoacan ជាពិសេស និងម៉ិកស៊ិកូក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន។
បណ្តាមន្ត្រី និងអ្នកជំនួញមកពីរដ្ឋ Michoacan បានពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងម៉ិកស៊ិកូ និងអាស៊ាន។
យោងតាមស្ថិតិពីលេខាធិការដ្ឋានសេដ្ឋកិច្ចម៉ិកស៊ិកូបានឱ្យដឹងថា ចំណូលពាណិជ្ជកម្មរួមបញ្ចូលគ្នារវាងឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាមជាមួយម៉ិកស៊ិកូក្នុងឆ្នាំ២០២០ បានឈានដល់ជាង ២៨ប៊ីលានដុល្លារអាម៉េរិក។
ថ្លែងមតិនៅក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកូ លោក Nguyen Hoanh Nam ដែលជាប្រធានប្តូរវេនរបស់ ACMC បានសង្កត់ធ្ងន់ទៅលើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដេ្ឋ Michoacán ជាពិសេស និងម៉ិកស៊ិកូ ជាមួយអាស៊ានក្នុងវិស័យកសិកម្ម និងឧស្សាហកម្មផលិត បច្ចេកវិទ្យាព័ត៌មាន ការវិនិយោគ ការអប់រំ ទេសចរណ៍ និងការដឹកជញ្ជូនតាមកំពង់ផែសមុទ្រ។ លោកបានបញ្ជាក់ថា អាស៊ានជាច្រកសម្រាប់ទំនិញម៉ិកស៊ិកូក្នុងការចូលទៅក្នុងទីផ្សារអាស៊ី៕
(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល