មេប៉េអឹមក្រុងក្រចេះ ជះលុយ២ម៉ឺនដុល្លារ ជូនគ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿងប្រើអំពើហិង្សានិងបង្ខំអោយក្មេងស្រីស៊ីអាចម៍ឆ្កែ

ក្រចេះ៖លោកវរសេនីយ៍ត្រី ទេព ហ៊ុយ មេប៉េអឹមក្រុងក្រចេះ បានជះលុយចំនួន២ម៉ឺនដុល្លារ ជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់រឿង ក្រោយពីបានបញ្ជាអោយកូនចៅប្រើអំពើហិង្សាលើក្មេងស្រី២នាក់ អាយុទើបតែ១២ឆ្នាំ ជាឈ្នួលបម្រើនៅផ្ទះ និង បង្ខំអោយស៊ីអាចម៍ឆ្កែ ។

ដោយសារតែគ្រួសារជនរងគ្រោះមិនព្រមទទួលនូវលុយទាំងនេះ ទើបសមត្ថកិច្ចបានចាត់ការបន្តតាមនីតិវិធីជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួន លោក ទេព ហ៊ុយ និង បក្ខពួក មួយចំនួនតែម្តង ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធ ថ្លែងប្រាប់TNM នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយឡែក លោកព្រះរាជអាជ្ញារង រ៉ា បូរ៉ាន់ឌី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះ ថ្លែងប្រាប់ TNM ថា ពេលនេះពុំទាន់ឃើញសមត្ថកិច្ចបញ្ជូនខ្លួនក្រុមជនសង្ស័យមកតុលាការនៅឡើយទេ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍មួយទៀត បានទម្លាយប្រាប់ TNM ថា លោក ទេព ហ៊ុយ កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីអោយក្រុមគ្រួសារជនរងគ្រោះដកពាក្យបណ្តឹង និង ធ្វើយ៉ាងណាកុំអោយលោកអស់តួនារីជាមេប៉េអឹមក្រុងក្រចេះ ព្រមទាំងជៀសផុសពីការឃុំខ្លួនដាក់ពន្ធនាគារ ។

រឿងរ៉ាវដែលកំពុងផ្ទុះកក្រើកខ្លាំងនេះ មហាជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត រហូតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានសម្រេចការពារក្តីជូនក្រុមគ្រួសារជនរងគ្រោះផងដែរ ។

លោកស្រី ឈិន សុខឃឿន ម្តាយក្មេងស្រីរងគ្រោះ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា លោកស្រីមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលកូនស្រីដែលទើបមានអាយុ១២ឆ្នាំ ជាឈ្នួលបម្រើនៅផ្ទះលោក ទេព ហ៊ុយ ប្រាប់ថា លោក ទេព ហ៊ុយ បានបញ្ជាអោយកូនចៅប្រើអំពើហិង្សា យកកៅអីវាយក្បាល អោយដេកឱបផ្នូរសត្វឆ្កែ និង បង្ខំអោយស៊ីអាចម៍ឆ្កែ ថែមទៀត គ្រាន់តែរឿងឆ្កែងាប់ ប៉ុណ្ណោះ ។

លោកស្រី បន្តថា លោក ទេព ហ៊ុយ បានយល់ព្រមបង់ប្រាក់ចំនួន២០លានរៀល ដើម្បីបញ្ចប់រឿងនេះ ។ ក្រោយមក ហ៊ានផ្តល់អោយដល់ចំនួន២ម៉ឺនដុល្លារ តែលោកស្រីមិនព្រមនោះទេ ដោយបានប្តឹងផ្តល់រួចរាល់អស់ហើយ ។

ដោយឡែក ក្មេងស្រីរងគ្រោះវិញ និយាយថា មូលហេតុដែលនាងបានច្រមុជសត្វឆ្កែរបស់ដល់ងាប់ នោះ ដោយសារតែកូនស្រីពៅរបស់ លោក ទេព ហ៊ុយ ជេរប្រមាថ នាង ថា «ពូជមីឆ្កែ»

មហាជនបានសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាដកតួនាទី លោក ទេព ហ៊ុយ និង សូមអោយតុលាការខេត្តក្រចេះ មេត្តាចាត់ការតាមផ្លូវច្បាប់កុំលើកលែងអោយឡើយ ដោយទង្វើរបស់លោក ទេព ហ៊ុយ និង បក្ខពួក ត្រូវបានមហាជន ចាត់ទុកថា «ជាអំពើឃោរឃៅ អសីលធម៌ និង ថោកទាបបំផុត» មិនសមធ្វើជាកងកម្លាំងបម្រើប្រជាពលរដ្ឋ ទៀតនោះទេ ៕

 

អត្ថបទដែលជាប់ទាក់ទង