ខេត្តប៉ៃលិនសម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលជាជំនួយរបស់ប្រជាជនជប៉ុន

ប៉ៃលិន៖ កាលពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខេត្តប៉ៃលិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខា ដែលជាជំនួយរបស់ប្រជាជនជប៉ុន តាមរយ:អង្គការកុមារឥតព្រំដែនអន្តរជាតិនៅកម្ពុជា (KnK International) ស្ថិតនៅភូមិបរ យ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដើម្បីកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន និងការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (មសស) ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ គណ:ប្រតិភូអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដូច្នេះការបង្កើតជាមជ្ឈមណ្ឌលសិក្សាសហគមន៍នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាង និងលើកកម្ពស់សមត្ថភាពយុវជននៅមូលដ្ឋាន ឱ្យមានចំណេះជំនាញពិតប្រាកដ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍ ប្រទេសកម្ពុជា តាំងពីដើមរហូត ដល់បច្ចុប្បន្ន។ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួនណារ៉ុង បានមានប្រសាសន៍លើកឡើងថា៖ អគារមជ្ឈមណ្ឌលសិក្សាសហគមន៍ នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុន តាមរយ:អង្គការកុមារឥតព្រំដែនអន្តរជាតិនៅកម្ពុជា (KnK International) ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដែលជាកត្តាចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋានផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា៖ មជ្ឈមណ្ឌលសិក្សាសហគមន៍នេះ គឺមានបង្រៀនជំនាញវិជ្ជាជីវ:ជាច្រើនដល់យុវជននៅមូលដ្ឋាន ដូចជា៖ កាត់ដេរសម្លៀកបំពាក់ សម្អាងការ ជួសជុលទូរសព្ទ ជួសជុលម៉ាស៊ីនត្រជាក់ និងជំនាញផ្សេងៗជាច្រើនទៀត សម្រាប់ការប្រកបមុខរបរនៅក្នុងមូលដ្ឋាន ចៀសសវាងការធ្វើចំណាកស្រុកទៅខេត្តផ្សេងៗ ឬទៅក្រៅប្រទេសដែលមានហានីភ័យខ្ពស់។ បើតាមរបាយការណ៍របស់ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា៖ អគារមជ្ឈមណ្ឌលសិក្សាសហគមន៍ដែលជាជំនួយរបស់ប្រជាជនជប៉ុននៅខេត្តប៉ៃលិន គឺមានចំនួន ០៣កន្លែង ហើយអគារទាំងនេះមានគំរូស្តង់ដារតែមួយ ដោយមានទទឹងប្រវែង ១១ម៉ែត្រ បណ្តោយប្រវែង ១៦ម៉ែត្រ ស្មើនឹង០៣បន្ទប់ និងមានបន្ទប់ទឹកចំនួន ២ ព្រមទាំងបំពាក់គ្រឿងសង្ហារិម និងបរិក្ខារថាមពលអគ្គិសនីគ្រប់គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង