កម្ពុជា-វៀតណាម ប្រកាសបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរបន្ថែមទៀត ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 29 ខែ តុលា ឆ្នាំ 2021 228 ភ្នំពេញ÷រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមបាន ប្រកាសបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម រវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តម ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ ដោយភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនងក្នុងលក្ខណៈ«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងវាងកម្ពុជា និងវៀតណាម។ភាគីទាំងពីបានពិភាក្សាអំពីរបៀបវារៈសំខាន់ៗ ដូចជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស និងរវាងខេត្តជាប់ព្រំដែន តាមរយៈការរៀបចំឱ្យមានជំនួបប្រាស្រ័យ សន្ទនាតាមទូរសព្ទ ពិគ្រោះពិភាក្សាតាមប្រព័ន្ធវីដេអូ ដោយបានលើកទឹកចិត្តបង្កើនការវិនិយោគ បន្តឧបត្ថម្ភគាំទ្រដល់បណ្ដាខេត្តជាប់ព្រំដែន និងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត សំដៅដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហាប្រឈម និងសំណូមពរចាំបាច់ជាក់ស្ដែងនានា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ ដើម្បីថែរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានេះក៏បានអបអរសាទរការប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ-តឺនណាម ក្នុងកម្រិតថ្នាក់ខេត្តរវាងខេត្តព្រៃវែងនិងខេត្តតៃនីញ និងបានឯកភាពរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកទ្វារអន្តរជាតិនេះជាមួយនឹងបណ្តា តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចនៅប្រទេសនីមួយៗ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែន ការទិញលក់អគ្គិសនី ការប្រើប្រាស់ទឹក និងការផ្ដល់សេវាសុខាភិបាលផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានលើកទឹកចិត្តឱ្យបណ្តាខេត្តជាប់ព្រំដែនបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានាជាអាទិ៍ វិស័យអប់រំ វប្បធម៌ កីឡា យុត្តិធម៌ ឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មាន ប្រៃសណីយ៍ ទូរគមនាគមន៍ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ផលិតផលទេសចរណ៍ និងជំរុញសកម្មភាព ទេសចរណ៍និងកីឡា និងបន្តជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឱ្យបានកាន់តែជិតស្និទ្ធ ថែមទៀត៕ 228 ចែករំលែក