ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប អះអាងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បាននិងកំពុងប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។ លទ្ធផលបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បិទការិយាល័យចុះឈ្មោះបោះឆ្នោត) នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋដែលទៅចុះឈ្មោះថ្មី មានចំនួន ១៦៣.៥៤២នាក់, ប្រជាពលរដ្ឋដែលត្រូវលុបចេញ មានចំនួន៩១.៤១៤ នាក់, និងប្រជាពលរដ្ឋមកកែតម្រូវឈ្មោះ និងទិន្នន័យ មានចំនួន៤៧.១៣១នាក់ ខណៈប្រជាពលរដ្ឋដែលផ្ទេរចូល មានចំនួន៥០.៤៤៣ នាក់ ។ សរុបជារួម លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រឹមថ្ងៃទី២៧ ខែតុលា ក្រុមចុះឈ្មោះបោះឆ្នោត បានធ្វើការជាមួយប្រជាពលរដ្ឋបានចំនួន៣៥២,៥៣០ នាក់ ។

គ.ជ.ប បន្តថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) បានជួបប្រឈមនឹងបញ្ហាមួយចំនួនដូចជា ៖សាលាឃុំ សង្កាត់ខ្លះទទួលរងគ្រោះដោយសារទឹកជំនន់ ហើយត្រូវប្តូរការិយាល័យ ចុះឈ្មោះបោះឆ្នោត មកទីទួលមានសុវត្ថិភាព សម្ភារៈបរិក្ខារ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតមួយចំនួនខូច គាំង ឬដំណើរការរអាក់រអួល បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការ ចុះឈ្មោះ បោះឆ្នោតតិចតួច។

ករណីនេះ គ.ជ.ប បញ្ជាក់ថា បានត្រៀមបម្រុងសម្ភារៈ បរិក្ខារ ដោយបានប្តូរជំនួសទាន់ពេលវេលា និងបានចាត់ឱ្យមានអ្នកបច្ចេកទេស ប្រចាំការដោះស្រាយ នៅតាម ២៥ រាជធានី ខេត្ត ខណៈតំបន់ខ្លះមានបញ្ហារអាក់រអួលផ្នែកប្រព័ន្ធអ៊ីនធឺណែត សម្រាប់ការបញ្ជូនទិន្នន័យមក គ.ជ.ប ។

តាមប្រតិទិនការងារ ចាប់ពីថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចល័តការិយាល័យ ចុះឈ្មោះបោះឆ្នោតទៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់។ ប្រសិនបើមើលឃើញសន្ទុះនៃការចុះឈ្មោះបោះឆ្នោតតាមភូមិមានកំណើនខ្ពស់ គ.ជ.ប ពិចារណាឱ្យ ក.ច.ប កែសម្រួលប្រតិទិន ដោយពន្យារពេលវេលាចុះឈ្មោះបោះឆ្នោតបន្ថែមទៀតនៅតាមភូមិ និងកាត់បន្ថយ ពេលវេលាចុះឈ្មោះនៅសាលាឃុំ សង្កាត់។

ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ មានការចូលរួមពី- គណបក្សនយោបាយចំនួន៧ ដោយបានដាក់ភ្នាក់ងាររបស់ខ្លួន សរុបចំនួន ៤.៨០២នាក់ និងអង្គការ សមាគមជាតិ ចំនួន១២ បានដាក់អ្នកសង្កេតការណ៍ សរុបចំនួន ៣.២៣៤ រូប ព្រមទាំងអង្គភាពសារព័ត៌មានជាតិ ចំនួន២០បានដាក់អ្នកសារព័ត៌មានជាតិ សរុបចំនួន ៩៤ រូប ដើម្បីចុះយកព័ត៌មាន និងសង្កេតមើលតាមការិយាល័យចុះឈ្មោះបោះឆ្នោត

គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយដែលមិនទាន់បានចុះឈ្មោះ បោះឆ្នោតកន្លងមក សូមអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ចំណែក អាជ្ញាធរដែនដី ត្រូវជួយការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាក់សាធារណៈ ពិសេសជួយបង្កលក្ខណៈងាយស្រួលក្នុងការចេញឯកសារនានា ជូនប្រជាពលរដ្ឋដែលពុំមានឯកសារគ្រប់គ្រាន់ ដើម្បីបំពេញលក្ខខណ្ឌ សម្រាប់ការចុះឈ្មោះបោះឆ្

នោត៕

អត្ថបទដែលជាប់ទាក់ទង