លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ យើងនឹងមិនមានសុវត្ថិភាពនោះទេ បើសិនជាអ្នកនៅជិតខាងយើង មិនមានសុវត្ថិភាព

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា យើងនឹងមិនមានសុវត្ថិភាពនោះទេ ដរាបណាអ្នកនៅជិតខាងយើង មិនទាន់មានសុវត្ថិភាពនៅឡើយនោះ។

លោកជំទាវ បានថ្លែងបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ២០០ ០០០ដូស ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រំដែនខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។

លោកជំទាវ បានបន្ថែមថា ៖ “ការផ្តល់នូវវ៉ាក់សាំងនេះ គឺនៅក្នុងគោលបំណងចូលរួមប្រកបដោយស្មារតីរួបរួមគ្នា ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំង បង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងកាលៈទេសៈដែលបណ្តាប្រទេសនានា នៅលើសាកលលោក និងនៅក្នុងតំបន់ កំពុងតែប្រឈមនឹងវិបត្តិកូវីដ-១៩ដូចគ្នា ព្រមទាំងកំពុងតែខិតខំធ្វើអន្តរាគមន៍ ឆ្លើយតប និងដោះស្រាយបញ្ហានេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គម”។

ជំងឺរាតត្បាតកូវីដ-១៩នេះ ក៏បាននិងកំពុងជះឥទ្ធិពលជាអវិជ្ជមានដល់ពិភពលោកទាំងមូល ហើយការកើតឡើងនៃវិបត្តិនេះ កំពុងប៉ះពាល់ដល់ការអភិវឌ្ឍប្រទេស មិនត្រឹមតែធ្វើឱ្យមានគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប៉ះទង្គិចដល់កំណើនសេដ្ឋកិច្ចប្រទេសនៅលើសាកលយ៉ាងធ្ងន់ធ្ងរផងដែរ។ ការ ផ្ទុះឡើងនៃជំងឺកូវីដ-១៩ជាសកលនេះ ក៏បាននាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កជាការរាំងស្ទះ ទៅដល់តម្រូវការ ព្រមទាំងលំហូរនៃការធ្វើដំណើរ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដែលជាហេតុនាំមកនូវ ការរំខានទៅលើដំណើរការគ្រប់វិស័យនៃសកម្មភាពសេដ្ឋកិច្ចលើសាកលលោក ក្នុងនោះ មានទាំងប្រទេសកម្ពុជា និងវៀតណាម ផងដែរ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ៖ “ប៉ុន្តែបើទោះជាកម្ពុជាយើងរងនូវផលប៉ះពាល់ក៏ពិតមែន ប៉ុន្តែការសម្រេច របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់ជូនសាធារណរដ្ឋសង្គមនិយមវៀតណាម នូវវ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម) ចំនួន ២០ម៉ឺនដូសនេះ គឺជាសក្ខីភាពជាក់ស្តែងនៃការចូលរួមចំណែកជួយដល់ការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រួមគ្នាជាមួយរដ្ឋាភិបាលវៀតណាម ដែលជាប្រទេសជិតខាង ដើម្បីឆ្ពោះទៅរកការបង្កើតបាននូវ ភាពស៊ាំបុគ្គល និងភាពសុំសហគមន៍-សង្គម ដែលអាចជំរុញនូវការស្តារឡើងវិញជាបណ្តើរៗ នូវដំណើរការ សង្គម-សេដ្ឋកិច្ច។ល។ ទន្ទឹមនឹងនេះ ការរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ បានបង្ហាញកាន់តែច្បាស់ ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិនអាចខ្វះបាន ប្រកបដោយការគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមគ្នា ប្រកបដោយការធ្វើឱ្យបានល្អប្រសើរឡើង នូវ សុខភាពសាធារណៈសម្រាប់ប្រជាជននៃប្រទេសទាំងពីរ”។

សូមរម្លឹកថា កម្ពុជាធ្លាប់បានផ្តល់ជាថវិកា ម៉ាស និងសម្ភារបរិក្ខាពេទ្យមួយចំនួន ជូនប្រទេសជាច្រើនក្នុងតំបន់រួចមកហើយរួមមានឡាវ មីយ៉ាន់ម៉ា វៀតណាម ទីម័រឡេស្តេ នេប៉ាល់។ល។ ហើយចុងក្រោយនេះ កម្ពុជាក៏បានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០ម៉ឺនដូសជូនដល់ប្រទេសឡាវផងដែរ៕ ដោយ ផែន រតនៈ

អត្ថបទដែលជាប់ទាក់ទង