កម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើជាម្ចាស់ផ្ទះលើកទី២នៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅឆ្នាំ២០២២ ខាងមុខ អន្តរជាតិ ចេញផ្សាយ ថ្ងៃទី 23 ខែ តុលា ឆ្នាំ 2021 118 ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានត្រៀមខ្លួនរួចជា ស្រេចសម្រាប់ធ្វើជាម្ចាស់ផ្ទះលើកទី២ នៃកិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ានឆ្នាំ ២០២២ (ADMM 2022) ដែលនឹងប្រព្រឹត្តទៅ ក្នុងឆ្នាំ ២០២២ខាងមុខនេះ ដើម្បីផ្តល់ឱកាសឱ្យកងយោធពលខេរមភូមិន្ទ បង្ហាញនូវកិត្យានុ ភាពរបស់ខ្លួន ទៅកាន់មជ្ឈភាពអាស៊ាន ក៏ដូចជាពិភព លោកទាំងមូល។ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ប្រទេសកម្ពុជានឹងចាប់ផ្តើមតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ហើយក្រសួងការពារជាតិ និងអគ្គ បញ្ជាការដ្ឋាន នឹងត្រូវអនុវត្តតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ADMM និងកិច្ច ប្រជុំពាក់ព័ន្ធសន្តិសុខមួយ ចំនួនទៀតនេះ ឱ្យកាន់តែល្អប្រសើរ និងការទទួលខុសត្រូវបំផុត ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះ ទទួលបានជោគ ជ័យនិងជាទីមោទន ក្រោមមូលបទ សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុមនោះ។ ថ្លែងតាមរយៈវីដេអូពីចម្ងាយ នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២២ ខែតុលា នៅរាជធានីភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ADMM បានលើកឡើងថា នេះគឺជាលើកទី២ហើយដែលក្រសួងការពារជាតិកម្ពុជា ទទួលតួនាទីជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំ ADMM និងកិច្ចប្រជុំផ្សេងៗទៀតបន្ទាប់ពីកិច្ច ប្រជុំលើកទី១ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១២ កន្លងទៅនោះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តនេះ ផ្តល់ឱកាសសម្រាប់ក្រសួងការពារ ជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ក្នុងការបង្ហាញកិត្យានុភាព និងសមត្ថ ភាពនៃការត្រួសត្រាយផ្លូវ ដើម្បីរក្សាបាននូវឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពអាស៊ាន ជាដើមនោះ។ សម្តេចពិជ័យ បានបន្ថែមទៀតថា កិច្ចប្រជុំ ADMM នេះ គឺមានសារសំខាន់ណាស់ក្នុងការបញ្ជ្រាបការយល់ដឹង ឱ្យកាន់តែស៊ីជម្រៅថែមទៀត អំពីតួនាទីជាប្រវត្តិសាស្រ្តរបស់ក្រសួងការពារជាតិ ក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ និងគោលដៅចម្បង ដែលកម្ពុជាចង់សម្រេចបានក្នុង នាមជាប្រធានអាស៊ាន សម្រាប់ជាផលប្រយោជន៍របស់កម្ពុជាផង និងជាផល ប្រយោជន៍រួមសម្រាប់ប្រជា ជននៃតំបន់អាស៊ានទាំងមូលផង។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុម ការងារអនុវត្តគណៈកម្មការខ្លឹមសារ និងឯកសារ បានឱ្យដឹងដែរថា គោលដៅនៃកិច្ច ប្រជុំក្រោមមូលបទ សាមគ្គី ភាពដើម្បីសន្តិសុខ ប្រកប ដោយភាពសុខដុមនេះ គឺសំដៅស្វែងរកការឯកភាពគ្នាជាធ្លុងមួយក្នុងចំណោមបណ្តាប្រទេសអាស៊ាន ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី និងកិច្ចសហប្រ តិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ គួរជម្រាបថា នៅក្នុងកិច្ចប្រ ជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រសួងការពារជាតិកម្ពុជា នឹងធ្វើបទបង្ហាញនូវភាពជោគ ជ័យរបស់ខ្លួន ក្នុងវិស័យការពារជាតិ វិស័យសន្តិសុខ និងការចូលរួមនូវកិច្ចសហប្រ តិបត្តិការផ្នែកយោធាជាមួយអង្គការសហប្រជាជាតិ លើ សកម្មភាពមនុស្សធម៌ ក៏ដូច ជាគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះផងដែរ។ សូមបញ្ជាក់ថា នៅក្នុងកិច្ច ប្រជុំ ADMM កម្ពុជានឹងខិត ខំជំរុញកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលបង្កឡើងដោយគ្រោះមហន្តរាយ បញ្ហាភូមិសាស្រ្តនយោបាយ និងជំងឺរាតត្បាតសកល ជា ពិសេសគឺមេរោគកូវីដ១៩ ៕ 118 ចែករំលែក