លោកជំទាវ ម៉ែន សំអន ៖ យើងត្រូវតែរួមគ្នាអនុវត្តឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីឈានដល់ការបើកប្រទេសឡើងវិញ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកស្រី ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និងមន្រ្តីរាជការ បានអញ្ជើញចូលបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅវត្តវិហារសំណរ ស្ថិតក្នុងភូមិ វិហារហ្លួង ឃុំវិហារ ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការគោរពតាមវិធានការរបស់រដ្ឋាភិបាល ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលទើបបានបញ្ចប់ទៅកាលពីសប្តាហ៍មុននេះ។ បានធ្វើឱ្យចំនួនអត្រាឆ្លងប្រចាំថ្ងៃបានថយចុះជាលំដាប់ ស្របពេលដែលប្រជាពលរដ្ឋជាង ១៣លាន ៦សែននាក់ បានទទួលការចាក់វ៉ាក់សាំងផងដែរ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាគម្លាតសង្គម រក្សាអនាម័យឱ្យបានល្អ រួមជា មួយនឹងវិធានរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ចូលរួមកាត់ផ្តាច់នូវការចម្លងជំងឺកូវីដ-១៩ ដើម្បីឈានដល់ការបើកប្រទេសឡើងវិញ ។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នងថ្វាយព្រះមហាក្សត្រី នរោត្តម មនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមា ជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខសន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ។ ជាពិសេសសូមឱ្យប្រទេសជាតិរួចចាកផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត ចៀសផុតពីទឹកជំនន់ និងនាំមកវិញនូវការអភិវឌ្ឍលើគ្រប់វិស័យ ៕