អភិបាលខេត្តសៀមរាបបង្ហាញថា ប្រជាពលរដ្ឋមួយចំនួននៅក្រុងសៀមរាប នៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការឈ្វេងយល់ពីហានិភ័យ នៃជំងឺកូវីដ-១៩
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញតាមរយៈផេកហ្វេប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តមថា ក្នុងកាលៈទេសៈដ៏លំបាកនេះហើយ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការឈ្វេងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩។
ឯកឧត្តមបន្តថា អាជ្ញាធរយើងខ្ញុំបានខិតខំណែនាំហើយណែនាំទៀត អង្វរផង និងអំពាវនាវផង បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់ មិនចូលរួម។ ខ្ញុំត្រូវបង្ខំចិត្តឱ្យក្រុមការងារចាត់វិធានការ ចំពោះបងប្អូនមួយចំនួននេះ ក្នុងការផាកពិន័យ និងដាក់ទោសតាមច្បាប់ ។ សូមបងប្អូនប្រជាពលរដ្ឋ កុំឆ្លៀតធ្វើអ្វីដែលខុសពីការណែនាំ ព្រោះបងប្អូនអាចប្រឈមនឹងផ្លូវច្បាប់ បងប្អូនអាចត្រូវបិទអាជីវកម្ម បិទហាង បាត់បង់ការងារ បងប្អូនអាចឆ្លងកូវីដ-១៩ និងនាំយកជំងឺចូលផ្ទះ ឆ្លងដល់ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ឪពុកម្ដាយដែលចាស់ជរា បងប្អូននឹងអាចធ្វើឱ្យបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជួបជុំគ្នាផឹកស៊ីសប្បាយក្នុងមួយគ្រា។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ខ្ញុំសូមអង្វរ និងអំពាវនាវម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្តន៍ គ្រប់គ្រងកូនចៅឱ្យបានល្អ បើមិនមានការចាំបាច់កុំចេញពីផ្ទះ ដើម្បីសុវត្ថិភាព ដោយផ្អាកការប្រមូលផ្តុំ ការជួបជុំផឹកស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល។ កាពារខ្លួនឯងស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក រស់នៅតាមបែបគន្លងថ្មី ៣ការពារគឺ ត្រូវពាក់ម៉ាស, ត្រូវលាងសម្អាតដៃ, ត្រូវរក្សាគម្លាតបុគ្គល ។ ៣កុំ គឺកុំនៅបន្ទប់បិទជិត, កុំនៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា។
សូមបញ្ជាក់ថា បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបរួចមក រដ្ឋបាលខេត្តបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនអនុវត្តន៍តាមខ្លឹមសារនៃសេចក្តីសម្រេច និងច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ដែលប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ដើម្បីជាផលប្រយោជន៍ នៃសុខភាពសាធារណៈ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូ វីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ សមត្ថកិច្ចនឹងចុះល្បាតគ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រក្រុងសៀមរាប។ ចំពោះបុគ្គលទាំងឡាយណាមិនអនុវត្តន៍តាមវិធានការរដ្ឋបាល នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕