សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សមិទ្ធផលពហុកីឡដ្ឋានជាតិមរតកតេជោ ជាកំណត់ត្រាថ្មីមួយទៀត នៃទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនដែលមានតម្លៃប្រមាណ ១៥០លានដុល្លារអាម៉េរិកនោះ គឺជាកំណត់ត្រាថ្មីមួយទៀត នៃទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន។

ក្នុងខណៈអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពីធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន សម្ដេចតេជោមានប្រសាសន៍ថា សមិទ្ធផលនេះគឺជាកំណត់ត្រាថ្មីមួយទៀត នៃទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន ដែលយើងបានទទួលនូវជំនួយមួយ ដែលមិននឹកស្មានដល់ សូម្បីតែមកដល់ឆ្នាំ២០០០ កាលពី២០ឆ្នាំមុននេះ យើងមិននឹកស្មានថា នឹងមានពហុកីឡាដ្ឋានដ៏ល្អមួយនៅទីនេះនោះទេ។ ចំណុចនេះគឺជាចំណុចដែលខ្ញុំគួរជម្រាបជូន ហើយក៏ធ្លាប់បាននិយាយខ្លះៗរួចមកហើយដែរថា ខ្លួនខ្ញុំផ្ទាល់បានសុំការអធ្យាស្រ័យ ពីសំណាក់ដៃគូរអាស៊ានដទៃទៀតដែលបានធ្វើស៊ីហ្គេមក្នុងរយៈកាលពីរឆ្នាំម្ដង ប៉ុន្តែសម្រាប់កម្ពុជា យើងពុំទាន់មានលទ្ធភាពដើម្បីនឹងធ្វើបែបនោះទេ យើងសុំការយោគយល់ពីមិត្តភក្ដិក្នុងក្របខ័ណ្ឌអាស៊ាន ព្រោះយើងមានតម្រូវការចាំបាច់ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាមុន។ សម្ដេចតេជោបន្តថា ប៉ុន្តែនៅពេលដែលសម្ដេចបានចាប់ផ្ដើមធ្វើទំនាក់ទំនងដ៏ល្អ ជាមួយនឹងដៃគូដែលជឿទុកចិត្តគ្នា នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ពិសេសជាមួយនឹងឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង ពេលនោះយើងក៏បានទទួលនូវសញ្ញានៃការផ្ដល់នូវវិភាគទាន សម្រាប់ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យការប្រកួតកីឡាស៊ីហ្គេម ហើយយើងក៏បានប្រកាសដាក់នូវបេក្ខភាពជាម្ចាស់ផ្ទះ សម្រាប់ការទទួលយកការរៀបចំការប្រកួតកីឡាប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។ សម្ដេចតេជោបានលើកឡើងថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសាធារណរដ្ឋប្រជាមានិតចិនទេ យើងពិតជាមិនមាននូវពហុកីឡដ្ឋានមួយ ដែលថ្ងៃនេះយើងធ្វើពិធីប្រគល់និងទទួលជាមុនសិន រីឯការសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ នឹងធ្វើនៅពេលក្រោយ។សម្ដេចតេជោគូសបញ្ជាក់ថា សមិទ្ធផលនេះជាមោទនភាពរបស់ជាតិខ្មែរទាំងមូល ដែលទទួលបានជំនួយដ៏សម្បុរសពីមិត្តរបស់យើងៗ កសាងដើម្បីជាតិយើងទាំងអស់គ្នា យើងកសាងដើម្បីសុខុមាលភាពរបស់ប្រជាជន ជាពិសេសយុវជន និងកុមារ។ សមិទ្ធផលនេះ មិនមែនជាការចៃដន្យទេ តែនេះជាផ្លែផ្កានៃចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលកើតឡើងពីការត្រួសត្រាយផ្លូវរបស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្ដម សីហនុ ហើយបន្តមកដល់រូបសម្ដេច និងគណបក្សប្រជាជនកម្ពុជា បន្តអនុវត្តន៍នយោបាយចិនមួយ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី អាចចាត់ទុកថា នេះគ្រាន់តែជាការទទួលផលដើមរដូវ នៃចំណងមិត្តភាពដែកថែប ដែលប្រធានាធិតី ស៊ី ជីងពីង បានប្រសិទ្ធនាមឡើង។

ឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍ថា ជំនួយជាពហុកីឡាដ្ឋានជាតិមរតកតេជោនេះ គឺមានទំហំធំជាងគេ ជាពហុកីឡដ្ឋានដែលមានលំដាប់ធំបំផុត ដែលជាជំនួយជូនដល់មិត្តបរទេសរបស់សាធារណរដ្ឋប្រជាមនិតចិន។ ឯកឧត្ដម Wang Yi បានថ្លែងថា មូលហេតុដែលប្រទេសចិនសម្រេចផ្ដល់ជំនួយសន្ធឹកសន្ធាប់ច្រើនសាងសង់ ពហុកីឡដ្ឋានមរតកតេជោ ជូនដល់ប្រជាជនកម្ពុជា គឺដោយសារតែប្រជាជនកម្ពុជាមានភាពស្និទ្ធស្នាល និងមិត្តភាពជ្រាលជ្រៅបំផុតជាមួយប្រជាជនចិន។ បើតាមឯកឧត្ដម ទីប្រឹក្សារដ្ឋ បានបញ្ជាក់ថា «ពហុកីឡដ្ឋានមរតកតេជោ» បានបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅបំផុតនៃទំនាក់ទំនងកម្ពុជា និងចិន ហើយឯកឧត្ដមសង្ឃឹមថា ប្រជាជនកម្ពុជាជាច្រើននឹងហាត់កីឡាក្នុង«ពហុកីឡដ្ឋានមរតកតេជោ»នេះ ហើយក្រុមកីឡាករកម្ពុជានឹងទទួលបានមេដាយមាសច្រើនក្នុងការប្រកួតស៊ីហ្គាមនៅពេលខាងមុខនេះ។

គួរម្លឹកដែរថា វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតំាងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ មានទំហំផ្ទៃដីជាង ៨៥ហិកតា ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧ និងសាងសង់រួរាល់ជាស្ថាបពរ នីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។កីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទី ក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង