ប្រមុខការទូតកម្ពុជាចាត់ទុក ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិននៅកម្ពុជាគឺជាជំហានថ្មីមួយទៀតក្នុងការ បង្កើនទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចាត់ទុកថា ដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន នៅកម្ពុជានៅពេលនេះ គឺជាជំហានថ្មីមួយទៀត ក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី និងបង្ហាញពីមិត្តភាពដែកថែប ។

ថ្លែងក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី១២ខែកញ្ញាឆ្នាំ ២០២១ នៅទីស្តីការក្រសួងការបរទេស ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនបានមានប្រសាសន៍ថា ឯកឧត្តម វ៉ាងយី និងឯកឧត្តមផ្ទាល់បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាទាំងបញ្ហាទ្វេភាគី ក្របខ័ណ្ឌក្នុងតំបន់ និងពហុភាគី។

ឯកឧត្តមបានសម្តែងការរីករាយចំពោះប្រទេសចិនដែលបានគ្រប់គ្រងដោយជោគជ័យលើការងារទប់ស្កាត់កូវីដ-១៩ និងបានស្ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ក្រៅពីនេះចិនក៏បានជួយដល់បណ្តាប្រទេសមួយចំនួននៅលើ ពិភពលោកផងដែរ ក្នុងការទប់ស្កាត់កូវីដ-១៩នេះ តាមរយៈការផ្តល់ជំនួយសម្ភារបរិក្ខារពេទ្យ បច្ចេកទេស និងវ៉ាក់សាំងបង្ការកូវីដ-១៩ផងដែរ។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្តល់ជំនួយ និងសម្រួលដល់កម្ពុជាលើការងារការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ដោយគិតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងពីប្រទេសចិនចំនួន២៦លាន៨០ម៉ឺនដូសហើយ ក្នុងនោះមានជំនួយឧបត្ថម្ភចំនួន៤លាន៣០ម៉ឺនដូស។

ឯកឧត្តមប្រាក់សុខុនបញ្ជាក់ថា នៅលើពិភពលោកនេះគ្មានប្រទេសណាជួយកម្ពុជាច្រើនជាងប្រទេសចិននោះទេ ។ ការអភិវឌ្ឍន៍របស់កម្ពុជាលើគ្រប់វិស័យមិនអាចកាត់ផ្តាច់ពីការផ្តល់ជំនួយរបស់មិត្តចិនបាននោះឡើយ ។ ឯកឧត្តម ប្រាក់ សុខុនបន្តថា បន្ទាប់ពីជំនួបជាមួយសម្តេចតេជោ ហ៊ុនសែន នាយក រដ្ឋមន្ត្រីកម្ពុជា ភាគីកម្ពុជានិងចិន នឹងចុះហត្ថលេខាលើឯកសារមួយចំនួនមានដូចជា ការឧបត្ថម្ភជំនួយចំនួន២៧០លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍវិស័យផ្សេងៗនៅកម្ពុជា។

ភាគីទាំងពីរបានពិភាក្សាផងដែរ ពីមធ្យោបាយធ្វើយ៉ាងណាឱ្យរឹងមាំថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ ទាំងវិស័យនយោបាយ ការពារជាតិ សន្តិសុខ ការងើបឡើងវិញនូវកាអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាដើម។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើការពង្រឹងវិស័យទេសចរណ៍ វប្បធម៌ សិក្សាធិការ និងសុខាភិបាលសាធារណៈផងដែរ។

ប្រមុខការទូតកម្ពុជា និងចិនក៏បានពិភាក្សាគ្នាលើបញ្ហាអន្តរជាតិមួយចំនួនផងដែរ ដោយបានប្តេជ្ញា គាំទ្រដល់ពហុភាគីនិយម គាំទ្រលើសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើសកលលោក។

ក្នុងនោះ ភាគីចិនបានគាំទ្រដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) និងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានសន្យាថា នឹងជួយផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ ដល់កម្ពុជាចំនួន៣លានដូស បន្ថែមទៀត និងសន្យាជួយធ្វើយ៉ាងណាឱ្យផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅលើទីផ្សារប្រទេសចិនកាន់តែច្រើនថែមទៀត។

ឯកឧត្តមបានលើកឡើងប្រាប់ពិភពខាងក្រៅពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩រួមរវាងកម្ពុជា និងចិន និងប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញ ហើយឯកឧត្តមបានបង្ហាញថា កម្ពុជា ជាមិត្តដែកថែប និងមិត្តល្អ ក្រោមការយកចិត្តទុក ដាក់ពីឯកឧត្តម ស៊ី ជីនភីង ព្រះមហាក្សត្រកម្ពុជា និងសម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាធ្វើឱ្យ ប្រទេសយើងទាំងពីររក្សាបានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

ឯកឧត្តមវ៉ាងយី បានរំឭកថា ក្រោយពីជំងឺកូវីដ-១៩បានផ្ទុះឡើង សម្ដេចតេជោហ៊ុន សែន បានធ្វើដំណើរបញ្ច្រាសទិសទៅទស្សនកិច្ចប្រទេសចិន ។ ក្រោយកម្ពុជាផ្ទុះកូវីដ-១៩ ចិនក៏ចាប់ផ្ដើមជួយកម្ពុជា។ កម្ពុជាចិនសហការគ្នាបានល្អ ។ ចិនក៏បានជួយកម្ពុជាការពារអធិបតេយ្យភាព និងការគោរព លើឆាកអន្តរជាតិ គាំទ្រកម្ពុជាជ្រើសផ្លូវអភិវឌ្ឍរបស់ខ្លួន រក្សាជំហរជួយកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចធ្វើឱ្យប្រសើរនូវជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា ភាគីចិននឹងបន្តគាំទ្រសម្ដេចតេជោដឹកនាំបក្សប្រជាជនកម្ពុជា បន្តការងាររាជរដ្ឋាភិបាលដោយរលូន ជួយកម្ពុជារក្សាវឌ្ឍនភាពជាតិបន្តការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រឆាំងដាច់ខាតការយកបញ្ហាប្រភពដើមវីរុសកូវីដ-១៩ ធ្វើជាឧបករណ៍នយោបាយ និងការធ្វើឱ្យប៉ះពាល់ដល់កិច្ចសហការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។ រួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ដោយប្រសិទ្ធភាពខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងបច្ចេកវិទ្យា ៥ជី ជាដើម។

ជាមួយគ្នានោះចិនបានជួយកម្ពុជាពន្លឿនអភិវឌ្ឍឧស្សាហកម្ម ពង្រីកការនាំចូលធនធានល្អរបស់កម្ពុជា អនុវត្តតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងផ្លូវ ល្បឿនលឿនភ្នំពេញ ព្រះសីហនុ យកស្មារតីអភិវឌ្ឍ ដែលយកប្រជាជនជាធំ ធ្វើឱ្យកិច្ចសហការមិត្តភាពកម្ពុជាចិនផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ចិននិងពង្រីកជំនួយលើការសាងសង់សាលា មន្ទីរពេទ្យ ផ្លូវថ្នល់ជូនដល់កម្ពុជា ពង្រីកទំនាក់ទំនងប្រជាជនប្រទេសទាំងពីររួមគ្នាជំរុញកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងទំនាក់ទំនងចិនអាស៊ាន ពន្លឿនអភិវឌ្ឍពាណិជ្ជកម្ម លើតំបន់ទន្លេឡានឆាងមេគង្គ ពង្រឹងកិច្ចសហប្រតិបត្តិការសាមគ្គីភាព ការពារលំនឹងអភិវឌ្ឍតំបន់កិច្ចសហការកម្ពុជា-ចិន បង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន។

ឯកឧត្តមបានបញ្ជាក់ថា ពេលចិនទាក់ទងកម្ពុជា គឺចិនមិនគិតថា ប្រទេសតូច ធំនោះទេ គឺបានរក្សាជំហរសមភាព គោរពគ្នាទៅវិញទៅមក។ នៅក្នុងកិច្ចទំនាក់ទំនងនេះ ពួកយើងមិនដែលបន្ថែមលក្ខខណ្ឌនយោបាយនោះឡើយ។ យើងចង់ឱ្យប្រជាជនប្រទេសទាំងពីររួមសុខទុក្ខជាមួយគ្នា ស្មោះត្រង់គ្នាទៅវិញទៅមក។ កម្ពុជានិងចិននឹងជំរុញឱ្យមិត្តភាពប្រទេសទាំងពីរកាន់តែរឹងមាំ និងខ្លាំងជាងដែកថែបដើម្បីរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ចរបស់ប្រទេសទាំងពីររៀងៗខ្លួន។

សូមបញ្ជាក់ថា ឯកឧត្តម វ៉ាង យី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា ចាប់ពីព្រឹកថ្ងៃទី១២ ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង