ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចូលជួបជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើន ជន្មាយុគម្រប់ខួប ៦៩ ឈានចូល ៧០ ឆ្នាំ
នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការ បានអញ្ជើញចូលជួបជូនពរ នឹងសុំអនុសាសន៍ ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ខួប ៦៩ ឈានចូល ៧០ ឆ្នាំ ដែលនឹងឈានចូលមកដល់ នៅថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឃឹម វុទ្ធី បានជម្រាបពីកិច្ចការងារមួយចំនួន បានធ្វេីក្នុងរយ:ពេលកន្លងមកនេះ និងផែនការសកម្មភាពការងារ ដែលគ្រោងធ្វេី នៅពេលខាងមុខ និងសូមគោរពប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន សូមឯកឧត្តម ទទួលបាន សុខភាពពេញបរិបូណ៌ ជន្មាយុយឺនយូរ កម្លាំង ខ្លាំងក្លា ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបន្ត អភិវឌ្ឍន៍ប្រទេសជាតិ និងវិស័យព័ត៌មានឲ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍ តរៀងទៅ ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះលទ្ធផលការ ងារទាំងឡាយ ដែលថ្នាក់ដឹកនាំមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សម្រេចអនុវត្តបានក្នុងរយ:ពេលកន្លងមកនេះ ហើយអ្វី ដែលសំខាន់បន្តទៅមុខទៀត គឺត្រូវធ្វើយ៉ាងណាពង្រឹងកិច្ចសហការ សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីជម្រុញអោយរាល់កិច្ចការងារទទួលបានលទ្ធផលល្អបន្ថែមទៀត ។