មន្ត្រីជំនាញបសុព្យាបាលខេត្តសៀមរាប អះអាងថា ជំងឺដុំពកលើស្បែកសត្វគោ-ក្របីនេះ មិនស្មុគស្មាញក្នុងការព្យាបាលទេ តែត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះមានអត្រាស្លាប់តិចតួចទេ !
សៀមរាប៖ ក្នុងឱកាសចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម សារទឹក បុសខ្យល់សត្វគោ-ក្របីនៅភូមិសន្ទៃយ៍ ឃុំដានរុន ស្រុកសូទ្រនិគម នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំសត្វពាហន:តែងតែកើតមានជំងឺសារទឹក បូសខ្យល់ជាធម្មតា តែសម្រាប់ឆ្នាំនេះ យើងទើបតែជួបប្រទះជំងឺដុំពកលើស្បែកសត្វគោ-ក្របី ដែលវាជំងឹថ្មី សម្រាប់យើង ទើបមានវត្តមាននៅកម្ពុជា នាចុងខែឧសភាឆ្នាំ២០២១នេះ បណ្តាលឱ្យឆ្លងជាលក្ខណ:រប៉េះរប៉ោះទៅលើសត្វពាហន: តាមបណ្តាភូមិមួយចំនួន ក្នុងខេត្តសៀមរាប ខណ:ដែលជំងឺនេះកើតមានតាំងពីឆ្នាំ១៩២៩នៅសហគមន៍អឺរ៉ុប និងតំបន់អាហ្វ្រិក ។
លោក ព្រំ វិច បានឲ្យដឹងទៀតថា ជំងឺដុំពកនេះ បើយើងឃើញវាពិតជាគួរឱ្យខ្លាចមែន ប៉ុន្តែតាមពិតជំងឺនេះ វាឆ្លងតែអម្បូរសត្វដូចគ្នា ហើយក៏មិនមានឆ្លងទៅមនុស្ស ឬសត្វប្រភេទផ្សេងៗនោះឡើយ។ ហើយក៏វាអាចព្យាបាលបានជាសះស្បើយ ប្រសិនម្ចាស់សត្វមើលថែទាំវាបានល្អនោះ ដែលវិធី នៃការព្យាបាល គឺការពារ ទប់ស្កាត់ជំងឺឱកាសនិយម និងដំបៅរលួយ។ ករណីសត្វក្តៅខ្លួន អាចប្រើពពួកថ្នាំបញ្ចុះកំដៅ ជាៈPracetamole អាចប្រើពពួក Dexametasone , Amoxiciline , Chlorazone, Bactrim ករណីមានដំបៅប្រើថ្នាំខៀវ(Methylen blu) និង Negazun ប៉ុន្តែបើមានអាត្រាងាប់ គឺមានចំនួនតិចតួច ប្រមាណពី១ ទៅ៥% ប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ សម្រាប់ខេត្តសៀមរាប ជំងឺនេះបានស្ងប់ស្ងាត់ទៅវិញហើយ ។
លោក ព្រំ វិច បានឲ្យដឹងបន្ថែមទៀតថា ជំងឺដុំពកស្បែកគោ ក្របីនេះ បង្កឡើងដោយវីរុសកើតមានដល់គោក្របី និងសត្វព្រៃទំពារអៀងមួយចំនួន វាឆ្លងតាមរយ:សត្វល្អិតបឺតជញ្ជក់ឈាមពីសត្វឈឺទៅសត្វជា ដូចជាមូស រុយ តាបោម ដង្កែ ជាដើម។ ជាមួយនោះ គោ ក្របីវានៅក្បែរគ្នា ស៊ីស្មៅក្បែរគ្នា ដែលមានរោគសញ្ញានៃជំងឺនេះសត្វក្តៅខ្លួនពី៤០ទៅ៤១អង្សាសេ ច្រមុះស្ងួត មានលេចដុំពកតិចឬច្រើននៅក្រោមស្បែក ហើយដុំពកធំអាចរលួយជាដំបៅពី២ ទៅ៣ខែ ចំពោះដុំពកតូចអាចរលាយបាត់ទៅវិញ។ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវទៅដល់ប្រជាកសិករ ដែលចិញ្ចឹមសត្វគោក្របី ពេលដែលមានសត្វឆ្លងជំងឺដុំពកលើសត្វណាមួយហើយ ត្រូវបំបែកសត្វឈឺចេញពីសត្វជា ហើយកុំព្រលែងសត្វឈឺឲ្យចេញទៅក្រៅ ត្រូវផ្តល់ទឹកចំណី បាញ់ថ្នាំសម្លាប់មេរោគក្នុងក្រោល និងសំអាតអនាម័យទាំងក្នុង និងជុំវិញក្រោល ពិសេសត្រូវឧស្សាហ៍លាងទឹកឱ្យបានញឹកញាប់ដល់វា ករណីវាក្តៅខ្លួនខុសប្រក្រតី ត្រូវបញ្ច្រកថ្នាំប៉ារ៉ាសេតាម៉ុលឬដិកហ្សាដល់វា ។
កួររំលឹកថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ នៅទូទាំងខេត្តសៀមរាប ជំងឺដុំពកលើស្បែកសត្វគោ និងក្របីនេះ បានកើតមានចំនួន ៧២០ក្បាល ក្នុងនោះងាប់ចំនួន ០៦ក្បាល ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល